អញ្ជើញចូលរួមក្នុងពិធីនេះមានអគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម, ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ, ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ កងទ័ព អតីតយុទ្ធជនបដិវត្តន៍ អ្នកម្តាយវីរៈភាពវៀតណាម ឧត្តមសេនីយកងទ័ពតាមសម័យកាល តំណាងក្រសួងការពារប្រទេស កងកម្លាំងប្រដាប់អាវុធនៃប្រទេសផ្សេងៗ និងស្ថាប័នតំណាងការទូតបរទេសនៅវៀតណាម។
អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរ អគ្គលេខាបក្សលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាបក្សមជ្ឈិមបានគូសបញ្ជាក់ថា ក្រុមកងទ័ពវៀតណាមឃោសនារំដោះជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ ដែលជាបុព្វហេតុនៃកងទ័ពប្រជាជនវៀតណាមសព្វថ្ងៃនេះ គឺមានអត្ថន័យនិងសារៈសំខាន់យ៉ាងធំធេង បង្កើតជ័យជំនះដ៏ត្រចះត្រចង់ កំពូលគឺយុទ្ធនាការហូជីមិញ រំដោះភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមមាតុភូមិ នាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី៖ យុគ្គសម័យនៃសន្តិភាព ឯករាជ្យសេរីភាព នាំប្រទេសទាំងមូលឆ្ពោះទៅរកសង្គមនិយម កសាង និងការពារមាតុភូមិ ហើយក្លាយជាកងទ័ពរៀបរយនិងទំនើប៖ “តាមបណ្តោយប្រវត្តិសាស្ត្រ កងទ័ពវៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នបដិវត្ត ដើរតួរនាទីជាស្នូលជាមួយបក្សទាំងមូល និងប្រជាជនទាំងមូល ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី ការពារបក្ស និងការពារសិទ្ធិ ការពារប្រជាជន និងរបបសង្គមនិយម ការពារបុព្វហេតុនវានុវត្តន៍ ថែរក្សា បង្រួបបង្រួម និងពង្រឹងបរិយាកាសសន្តិភាព ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រួមចំណែករក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងជុំវិញពិភពលោក”។
លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម មិនត្រឹមតែជាឱកាសដើម្បីរំលឹកឡើងវិញនូវប្រពៃណីដ៏រុងរឿង និងពង្រឹងផែនមហាសាមគ្គីជាតិជនជាតិទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់វៀតណាមយល់ដឹងអំពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដោយប្តេជ្ញាចិត្តការពារ និងរក្សាសន្តិភាពឯករាជ្យ៖ “ជាមួយនឹងគោលដៅខ្ពស់បំផុតគឺកសាងប្រទេសសន្តិភាព អរិយធម៌ វិបុលភាព និងរួមដៃគ្នាកសាងពិភពលោកប្រកបដោយសន្តិភាព គ្មានសង្គ្រាម ប្រជាជនអាចរស់នៅដោយឯករាជ្យ សេរីភាព វិបុលភាព និងសុភមង្គល វៀតណាមប្រកាន់យ៉ាងខ្ជប់ខ្ជួននូវគោលនយោបាយដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នា ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ មិនចូលរួមក្នុងសម្ព័ន្ធភាពយោធា មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងជាមួយប្រទេសម្ខាងទៀត មិនអនុញ្ញាតឱ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើទឹកដីវៀតណាមប្រឆាំងនឹងប្រទេសណាមួយ មិនប្រើកម្លាំងឬគម្រាមប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ”។
ក្នុងក្របខណ្ឌនៃពិធី ក៏មានកម្មវិធីសិល្បៈវីរភាព រួមទាំងការសម្តែងតន្ត្រី និងរបាំដ៏ពិសេស ដោយបញ្ជាក់ពីតួនាទីសំខាន់របស់កងទ័ពប្រជាជន វៀតណាម ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕