ព័ត៌មាន
ពិធីបដិសណ្ឋារកិច្ចផ្លូវការ ទទួលស្វាគមន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Pham Minh Chinh អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (រដ្ឋធានី Ha Noi ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣)។

ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ សម្ដេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏នឹងអនុញ្ញាតឱ្យលោកស្រី Nguyen Thi Thanh ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្ដរជាតិ នៅរដ្ឋធានី Ha Noi។
សូមបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលនេះ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ៕