ព័ត៌មាន
ពិធីទទួលបដិសណ្ឋារកិច្ចចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអូស្ត្រាលីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម
នាព្រឹកថ្ងៃទី ១១ ខែសីហា នៅវិមានអគ្គទេសាភិបាលអូស្ត្រាលី នៅទីក្រុង Canberra អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី សាម ម៉ូស្ទីន (Sam Mostyn) បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម (To Lam) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលកំពុងអញ្ជើញធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា។ មន្ត្រីជាន់ខ្ពស់អូស្ត្រាលីជាច្រើនរូប និងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីនេះ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបសវនាការជាមួយលោកស្រីអគ្គទេសាភិបាល សាម ម៉ូស្ទីន ហើយបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese); ធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការ និងជួបប្រាស្រ័យជាមួយសារព័ត៌មាន ព្រមទាំងបានជួបសវនាការជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាតំណាងរាស្ត្រអូស្ត្រាលី ផងដែរ។
វៀតណាមនិងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៧៣។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានកសាងទំនាក់ទំនងដ៏ខ្លាំងក្លានិងរឹងមាំជាមួយនឹងផលប្រយោជន៍ចម្រុះនិងកាន់តែកើនឡើងៗ។ បច្ចុប្បន្ននេះ វៀតណាមត្រូវបានចាត់ទុកជាដៃគូមួយក្នុងចំណោមដៃគូទ្វេភាគីដ៏សំខាន់បំផុតរបស់ប្រទេសអូស្ត្រាលី។ ទំនាក់ទំនងវៀតណាម-អូស្ត្រាលីកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ស្វាហាប់បំផុតចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់អូស្ត្រាលី មិនត្រឹមតែជាសញ្ញាសម្គាល់ដែលបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការកសាងទំនាក់ទំនងវៀតណាម-អូស្ត្រាលីឱ្យកាន់តែមានប្រសិទ្ធភាពដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និង ផលប្រយោជន៍ទៅវិញទៅមកផងដែរ៕






