គិតត្រឹមម៉ោង ៦:៣០ ព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅក្នុងខេត្ត Gia Lai, Dak Lak, Khanh Hoa និង Lam Dong មនុស្ស ៥២ នាក់បានស្លាប់ និងបាត់ខ្លួនដោយសារទឹកជំនន់; ផ្ទះជាង ៦៨.០០០ ខ្នងត្រូវជន់លិច; តំបន់លំនៅដ្ឋានជាច្រើនត្រូវបានជន់លិចយ៉ាងខ្លាំង។ នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានចុះហត្ថលេខាលើសេចក្តីសម្រេចផ្តល់ជំនួយឧបត្ថម្ភបន្ទាន់ចំនួន ៧០០ ពាន់លាន ដុង (ជាង ២៦.៥ លានដុល្លារអាមេរិក) ដល់តំបន់ទាំងបួននេះ ដើម្បីអនុវត្តភារកិច្ចបន្ទាន់ ជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។
នៅកន្លែងរងទឹកជំនន់ កងកម្លាំងប្រដាប់អាវុធកំពុងដាក់ពង្រាយកង ទ័ព និងយានយន្តយ៉ាងអតិបរមា ដើម្បីចូលទៅកាន់តំបន់ដែលលិចទឹកជ្រៅ។ ក្រសួងការពារប្រទេសក៏កំពុងរៀបចំកន្លែងចុះចតឧទ្ធម្ភាគចក្រសម្រាប់ជួយសង្គ្រោះផងដែរ។ ឧត្តមសេនីយ៍ត្រី Tran Thanh Hai អនុប្រធានបញ្ជាការយោធភូមិភាគទី ៥ បានឲ្យដឹងថា៖ “បច្ចុប្បន្ន ក្រសួងការពារជាតិបានចល័តយន្តហោះ ពីកងពលលេខ ៣៧០ និងកងពល លេខ ៣៧២ ដើម្បីដឹកទំនិញនៅ Ninh Thuan, Cam Ranh និងTuy Hoa ដើម្បីហោះហើរទៅកាន់តំបន់លិចទឹក ដែលយើងមិនទាន់ជម្លៀសប្រជា ជនចេញបាន ហើយត្រូវការជួយសង្គ្រោះពីភាពអត់ឃ្លាន”។
នាយប់ថ្ងៃទី ២០ ខែវិច្ឆិកា នៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតជាមួយខេត្ត Khanh Hoa, Gia Lai, Dak Lak និង Lam Dong ឧបនាយករដ្ឋមន្ត្រីលោក Ho Quoc Dung ស្នើឲ្យកងកម្លាំងទាំងអស់ ផ្តោតលើការជួយ សង្គ្រោះប្រជាជន មិនទុកឱ្យប្រជាជនឃ្លាន ខ្វះទឹក និងត្រជាក់ឡើយ។
“ត្រូវប្រមូលផ្តុំកម្លាំងទាំងអស់ ហើយបន្តចូលទៅជិតតំបន់លិចទឹកជ្រៅ ដើម្បីជម្លៀសប្រជាជន។ ទីពីរ ផ្តល់អាទិភាពដល់កន្លែងដែលងាយស្រួល និងល្អបំផុតដើម្បីជម្លៀសប្រជាជន។ បញ្ជូនកម្លាំងជួយឧបត្ថម្ភប្រជាជន ផ្តល់អាហារ និងសម្ភារៈទាន់ពេលវេលាសម្រាប់ប្រជាជន។ សម្រាប់តំបន់ដាច់ស្រយាល សូមផ្តល់អាហារស្ងួត និងទឹកស្អាត។ នៅក្នុងតំបន់ដែលប្រជាជនត្រូវបានជម្លៀសចេញ យើងបញ្ជូនកម្លាំងទៅចម្អិនអាហារសម្រាប់ប្រជាជន”។
កាលពីម្សិលមិញ និងថ្ងៃនេះ ប្រជាជនជាច្រើននៅក្នុងតំបន់ដែលមិនលិចទឹកនៅក្នុងតំបន់ទាំង ៤ ខាងលើ បានចូលរួមជាមួយកម្លាំងមុខងារ ដើម្បីរៀបចំអាហារ និងសម្ភារៈចាំបាច់ ផ្ញើទៅប្រជាជននៅតំបន់លិចទឹក៕







