ប្រភពព័ត៌មានបានឲ្យដឹងថា លោក Biden នឹងមកដល់ទីក្រុងប៊ែរឡាំងនៅថ្ងៃទី ១៨ ខែតុលា ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា លោក Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីលោក Frank-Walter Steinmeier។ កាសែត Spiegel (អាល្លឺម៉ង់) ក៏បានរាយការណ៍អំពីកាលវិភាគថ្មីរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយឲ្យដឹងថា ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំត្រូវបានពន្លឿន។ យោងតាមកាសែត មួយនេះ ខ្លឹមសារក្នុងកិច្ចពិភាក្សានៅជំនួបរវាងប្រជានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រី Olaf Scholz និងប្រធានាធិបតី Frank-Walter Steinmeier នឹងផ្តោតទៅលើជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។
មុននោះ លោក Biden មានគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ១០-១២ ខែតុលា ហើយនឹងចូលរួមកិច្ចប្រជុំកំពូលចតុភាគី ជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer។ មេដឹកនាំអាមេរិករូបនេះក៏គ្រោងនឹងបើកកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តដែលគាំទ្រអ៊ុយក្រែនដើម្បីពិភាក្សាអំពីការបន្តជំនួយឧបត្ថម្ភដល់ទីក្រុងគៀវក្នុងជម្លោះបច្ចុប្បន្ន។ ប៉ុន្តែ លោក Biden បានសម្រេចចិត្ត នៅក្នុងទីក្រុង Washington ដើម្បីត្រួតពិនិត្យ ការទប់ទល់ទៅនឹងព្យុះ Milton នៅពេលដែលព្យុះបានបោកបក់ទៅលើរដ្ឋ Florida។ តាមការប៉ាន់ស្មានថា ព្យុះនេះបានបង្កការខូចខាតប្រហែល ៥០ ពាន់លានដុល្លារ និងបានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់៕