លោក Vuong Dinh Hue បានឲ្យដឹងថា រដ្ឋសភាវៀតណាមរួមជាមួយរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងរក្សា និងកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្មដោយការធ្វើវិសោធនកម្មច្បាប់ជាច្រើន។ នៅសម័យប្រជុំលើកទី៥ដែលកំពុងប្រព្រឹត្តទៅ រដ្ឋសភាកំពុងពិចារណា និងសម្រេច លើសេចក្តីព្រាងច្បាប់ចំនួន២០ ក្នុងនោះមានច្បាប់ជាច្រើនទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ជាពិសេស រដ្ឋសភាវៀតណាមកំពុងពិចារណា ធ្វើវិសោធនកម្មដើម្បីសម្រួលទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសផ្សេងៗ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
តាមរយៈលោកនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញព្រឹទ្ធសភា និងសភាជាន់ទាបអូស្ត្រាលីបញ្ជូនគណៈប្រតិភូសមាជិកសភាមកប្រទេសវៀតណាម ដើម្បីចូលរួមសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនាខែកញ្ញាខាងមុខ។
រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានចាត់ទុកថា ការផ្លាស់ប្តូរនិងបង្កើនការយោគយល់គ្នារវាងសមាជិកសភានិងរដ្ឋសភាមានតួនាទីដ៏សំខាន់។ ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនាយករដ្ឋមន្ត្រីនឹងរួមចំណែកពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទាក់ទិននឹងសន្និសីទសមាជិកសភាវ័យក្មេងជាសាកល ដែលរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះនោះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា នឹងជំរុញការបញ្ជូនគណៈប្រតិភូសមាជិកសភាអូស្ត្រាលីទៅកាន់ទីក្រុងហាណូយ ដើម្បីចូលរួម។
នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក៏បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ផងដែរ៕