ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបសវនាការជាមួយលេខាគណះកម្មាធិការបក្សទីក្រុង Suzhou (ចិន)
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបសវនាការជាមួយលេខាគណៈកម្មាធិការបក្សទីក្រុង Suzhou លោក Zhou Naixiang (រូបថតៈ TTXVN)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននោះ នាថ្ងៃទី ៩ ខែកក្កដា នៅទីក្រុង Suzhou ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយលេខាគណៈកម្មាធិការបក្សទីក្រុង Suzhou លោក Zhou Naixiang។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា: វៀតណាមតែងតែវាយតម្លៃខ្ពស់និងដាក់អាទិភាពចម្បងទៅលើទំនាក់ទំនងសហប្រតិបត្តិការជាមួយចិន។ ពោលគឺ ទំនាក់ទំនងរវាងមជ្ឈិម ក្រសួងនិងបណ្តាតំបន់នៃប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាគួរឲ្យចាប់អារម្មណ៍ណាស់។ ហើយចិនគឺជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មឈានមុខគេរបស់វៀតណាម។ ទន្ទឹមជាមួយគ្នានោះ ក្នុងរយៈពេល ៥ ខែកន្លងមកនេះ ចិនគឺជាអ្នកវិនិយោគទុនធំបំផុតនៅវៀតណាមដែរ។
អញ្ជើញជាការឆ្លើយតប លេខាគណៈកម្មាធិការបក្សទីក្រុង Suzhou លោក Zhou Naixiang បានអះអាងថា៖ ទីក្រុង Suzhou បានប្តេជ្ញាចិត្តអនុវត្តន៍តាមការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ អំពីគោលនយោបាយបង្កើនកិច្ច សហប្រតិបត្តិការរវាងទីក្រុងធំៗ របស់វៀតណាមនិងចិន។ លោក Zhou Naixiang បានគូសបញ្ជាក់ថា: ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ពិសេស ដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយវៀតណាម។
ក្នុងពេលនេះ លោកលេខាគណៈកម្មាធិការបក្សទីក្រុង Suzhou វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃខឿនសេដ្ឋកិច្ចវៀតណាម ព្រមទាំងបានឲ្យដឹងថា អង្គភាពអាជីវកម្មជាច្រើនរបស់ Suzhou មានបំណងសហប្រតិបត្តិការជាមួយវៀត ណាម។ លោករូបនេះបានជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅចិនលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម នឹងរួមចំណែក ជំរុញថែមទៀត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម - ចិន ឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម