សារសហព័ន្ធឆ្នាំ២០១៩ របស់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទទួលបានប្រតិកម្មសកម្មជាច្រើនរបស់សមាជិកគណៈរដ្ឋមន្រ្តី។
រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo ចាត់ទុកថា ក្នុងរយៈពេល ២ ឆ្នាំដំបូងចូលកាន់តំណែងប្រធានាធិបតីលោក Trump បានពង្រឹងប្រទេសអាមេរិកទាំងកិច្ចការផ្ទៃក្នុងផងនិងកិច្ចការបរទេសផង ដែលក្នុងនោះយកផលប្រយោជន៍របស់ប្រជាជនអាមេរិកជាកត្តាចម្បង ហើយស្ដារតួនាទីដឹកនាំរបស់អាមេរិកលើទូទាំងពិភពលោកឡើងវិញ។ ចំណែកឯរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Steven Mnuchin បានចាត់ទុកថា គោលនយោបាយឧបត្ថម្ភពលករនិងជំរុញកំណើនសេដ្ឋកិច្ចរបស់លោកប្រធានាធិបតីបានលើកស្ទួយប្រាក់បៀវត្តន៍របស់ពលករអាមេរិក ហើយ ជួយកាត់បន្ថយអត្រាអ្នកគ្មានការងារធ្វើចុះនៅកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ។
ប៉ុន្តែ សារសហព័ន្ធឆ្នាំនេះរបស់ប្រធានាធិបតីលោក Trump ក៏ជួបប្រទះនឹងការប្រឆាំងជំទាស់របស់សមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ។ លោកស្រី Stacey Abrams ជាអ្នកនយោបាយម្នាក់ដែលកំពុងលេចចេញនៃគណៈបក្ស ប្រជាធិបតេយ្យ ត្រូវបានគណៈបក្សនេះជ្រើសរើសដើម្បីថ្លែងពីប្រតិកម្មចំពោះ សារសហព័ន្ធឆ្នាំ២០១៩។
លោកស្រី Abrams បានរិះគន់គោលនយោបាយពន្ធដែលត្រូវបានអនុវត្តន៍កាលពីឆ្នាំ ២០១៧ ក៏ដូចជាគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងរបស់រដ្ឋអំណាចប្រធានាធិបតីលោក Trump។ លោកស្រី Abrams ក៏បានរិះគន់ការប្រកាន់ពូជសាសន៍ ហើយចាត់ទុកថា អ្នកប្រកាន់ពូជសាសន៍ចាំបាច់មានការទទួលខុសត្រូវ បើទោះជាគេចំណុះស្រទាប់ណាក៏ដោយ។ ក្រៅពីនោះ លោកស្រី Abrams ក៏បានបញ្ចេញមតិដោយការពារអនុក្រិតថែទាំសុខភាពដោយតម្លៃសមស្រប ក៏ដូចជាអំពាវនាវអោយមានវិធានការគ្រប់គ្រងកាំភ្លើងនិងធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម