នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញរៀបចំសន្និសីទកាសែតនៅទីក្រុងហាណូយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលលើកទី២ជាមួយមេដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េលោក Kim Jong-un។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo
នៅក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយ (រូបថត៖ TTXVN)
ចាប់ផ្ដើមសន្និសីទកាសែត ប្រធានាធិបតីលោក Trump បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានជួយឧបត្ថម្ភអាមេរិករៀបចំកិច្ចប្រជុំ កំពូលនេះ ព្រមទាំងកោតសរសើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀត
ណាម ផងដែរ។ ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល ប្រមុខសេតវិមានបានទទួលស្គាល់ថា ភាគីទាំងពីរនៅតែមានភាពខុសគ្នាក្នុងកិច្ចប្រជុំលើកនេះ ប៉ុន្តែគម្លាតរវាងថ្នាក់ដឹកនាំទាំងពីររូប ក៏ដូចជាទំនាក់ទំនងរវាងអាមេរិកនិងស.ប.បកូរ៉េ ត្រូវបានកែលម្អអោយប្រសើរឡើងច្រើនជាងរយៈពេល ១ ឆ្នាំមុននេះ។ លោកក៏បានអះអាងថា កិច្ចប្រជុំលើកនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសមិត្តភាពយ៉ាងខ្លាំងណាស់។ លោកអញ្ជើញមាន ប្រសាសន៍ថា៖
“កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរនិងប្រកបដោយបរិយាកាសមិត្តភាព។ យើងខ្ញុំបានចាប់ដៃគ្នាហើយទំនាក់ទំនងទ្វេភាគីក៏កក់ក្ដៅឡើងផងដែរ។ ភាពកក់ក្ដៅនេះនឹងត្រូវបានអូសបន្លាយថែមទៀតជាពុំខាន។
ស.ប.បកូរ៉េមានសក្ដានុភាពដ៏ធំសម្បើមជាមួយតំបន់ទេសចរណ៍ដ៏ស្អាតអស្ចារ្យ។ ដោយមានទីតាំងភូមិសាស្ត្រស្ថិតនៅចន្លោះរវាងរុស្ស៊ី ចិន ជប៉ុននិងកូរ៉េខាងត្បូងនោះ ស.ប.បកូរ៉េនឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ច”។
ប្រមុខសេតវិមានក៏បានអះអាងថា អាមេរិកនិងស.ប.បកូរ៉េកំពុងមានទំនាក់ទំនងដ៏ល្អប្រសើរ ហើយនឹងល្អប្រសើរថែមទៀតនាពេលខាងមុខ។ អាមេរិកត្រៀមខ្លួនជាស្រេចសហការជាមួយជប៉ុននិងកូរ៉េខាងត្បូង ដើម្បីជួយស.ប.បកូរ៉េអភិវឌ្ឍសេដ្ឋកិច្ច និងរំសាយអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីលោក Trump ក៏បានអះអាងថែមទៀតថា ភាគីទាំងពីរនឹងបន្តជួបធ្វើការគ្នាដើម្បីសម្រេចបាននូវលទ្ធផលដែលគេចង់ទទួលបាន ហើយឥឡូវនេះមិនទាន់ជាពេលវេលាដ៏សមស្រប ដើម្បីចេញសេចក្ដីថ្លែងការណ៍រួមនៅឡើយ។
នៅក្នុងសន្និសីទកាសែតនេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ក៏បានអះអាងថាកិច្ចប្រជុំនេះទទួលបានការរីកចម្រើនជាក់ស្ដែងមួយចំនួន។ ប៉ុន្តែនេះជាបញ្ហាដែលអូសបន្លាយក្នុងអំឡុងពេលច្រើនទសវត្សកន្លងមក ដោយហេតុនេះត្រូវមានពេលវេលាថែមទៀតទើបដោះស្រាយបាន ហើយភាគីទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីបន្តទទួលបានការរីកចម្រើននាពេលខាងមុខ។
មុននោះ ក្នុងជំនួបចរចាទ្វេភាគី មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un បានស្វាគមន៍គំនិតដែលអាមេរិកបើកស្ថានតំណាងប្រចាំនៅទីក្រុងព្យុងយ៉ាង ព្រមទាំងអះអាងថា ស.ប.បកូរ៉េត្រៀមខ្លួនជាស្រេចលុបបំបាត់អាវុធនុយក្លេអ៊ែរ ផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម