នាយប់ថ្ងៃទី ២០ ខែកញ្ញា នៅឃុំព្រំដែន មឿងឡាត ខេត្តថាញ់ហ័រ បញ្ជាការដ្ឋានកងការពារព្រំដែន សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត ថាញ់ហ័រ បានរៀបចំកម្មវិធី "ព្រំដែន - រាត្រីពិធីបុណ្យសំពះព្រះខែ" ឆ្នាំ ២០២៦។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ ទៀនចូវ បានអញ្ជើញចូលរួមកម្មវិធីនេះផងដែរ។
កម្មវិធីនេះរួមមានការសម្តែង "ស្គរបុណ្យ - របាំម៉ុងសាយ" ដែលបង្កើតបរិយាកាសដ៏គគ្រឹកគគ្រែងនៅតំបន់ព្រំដែននៃមាតុភូមិ; បទចម្រៀងអំពីពិធីបុណ្យសំពះព្រះខែ កុមារ និងលោកប្រធានហូជីមិញ; រួមជាមួយនឹងការសម្តែងវេទមន្ត និងក្បួនដង្ហែចង្កៀងគោម ដែលនាំមកនូវបរិយាកាសពិធីបុណ្យសំពះព្រះខែដ៏រស់រវើក និងសប្បាយរីករាយដល់កុមារនៅតំបន់ខ្ពង់រាប។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ឡេ ទៀនចូវ បានប្រគល់អាហារូបករណ៍ដល់តំណាងសិស្សានុសិស្សដែលមានស្នាដៃខ្ពស់ក្នុងការសិក្សា។ ដោយទទួលបានអំណោយដ៏មានអត្ថន័យ ប្អូន យ៉ាង ង៉ុកញី ជាសិស្សនៃសាលាអន្តេវាសិកមធ្យមសិក្សា មឿងឡាត បានចែករំលែកថា៖
“យើងចង់ចែករំលែកសេចក្តីរីករាយនេះជាមួយកុមារនៅតំបន់នានាដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលមិនអាចទទួលអំណរបុណ្យសំពះព្រះខែយ៉ាងពេញលេញ។ យើងមានសេចក្តីសោមនស្សរីករាយ និងការរំជួលចិត្តជាអនេក ដែលកម្មវិធីនេះត្រូវបានធ្វើឡើងនៅមឿងឡាត ហើយការទទួលបានអំណោយដ៏មានអត្ថន័យបែបនេះ គឺជាកម្លាំងចលករ ដើម្បីឲ្យយើងបន្តខិតខំប្រឹងប្រែងក្នុងការសិក្សានិងហាត់ពត់លត់ដំ ដើម្បីក្រោយមកអាចចូលរួមចំណែកដល់មាតុប្រទេស”៕





