ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Coca Cola

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបលោក Calin Dragan ប្រធានសម្ព័ន្ធក្រុមហ៊ុន Coca Cola នៅតំបន់អាស៊ាននិងមជ្ឈិមបូព៌ា (រូបថត៖ VGP)
នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Calin Dragan ប្រធានសម្ព័ន្ធក្រុមហ៊ុន Coca Cola នៅតំបន់អាស៊ាននិងមជ្ឈិមបូព៌ា។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគអាជីវកម្មរបស់ Coca Cola នៅវៀតណាម ដែលបានបង្កើតការងារធ្វើសម្រាប់ពលករវៀតណាមរាប់ពាន់នាក់ អនុវត្តន៍យ៉ាងពេញលេញនូវការបង់ពន្ធ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផងដែរ។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលវៀតណាម ជានិច្ចកាលបង្កលក្ខណៈងាយស្រួលនិងបង្កើតយន្តការបើកចំហរសម្រាប់វិនិយោគិនទាំងអស់ ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Coca Cola។
ចំណែកឯលោក Cali Dragan បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម ដែលបានបង្កើតបរិយាកាសវិនិយោគអាជីវកម្មដ៏ល្អប្រពៃសម្រាប់សហគ្រាស។ លោកបានអះអាងថា Coca Cola មិនត្រឹមតែអនុវត្តយ៉ាងពេញលេញនូវការទទួលខុសត្រូវចំពោះការបង់ពន្ធប៉ុណ្ណោះទេ ថែមទាំងចំពោះសង្គមទៀតផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម