ព័ត៌មាន
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang (រូបថតៈ VGP)
នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋ មន្រ្តី ចិនលោក Li Keqiang ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត COVID-19។
តាមរយៈជំនួបនេះ ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពនិងលទ្ធផលនៃការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 នៃប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 នៅវៀតណាមត្រូវបានអនុវត្តយ៉ាងខ្លាំងក្លាពីថ្នាក់មជ្ឈិម ចុះមូលដ្ឋានដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”។ បន្ទាប់ពីទទួលបានលទ្ធផលជាវិជ្ជមាននៅដំណាក់កាលដំបូង ឥឡូវនេះបានឈានចូលដំណាក់កាលថ្មីជាមួយនឹងបម្រែបម្រួលយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែ វៀតណាមនៅតែកំពុងគ្រប់គ្រងស្ថានការណ៍ ដោយព្យាយាមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល ក៏ដូចជា ធានានូវសន្តិសុខសង្គមនិងសុវត្ថិភាពសម្រាប់ប្រជាជនវៀតណាម និងពលរដ្ឋបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសវៀតណាម។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ចិន ក្នុងទម្រង់ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងបណ្តាខេត្ត ក្រុង ហើយសហគ្រាសចិនមួយចំនួន បានផ្តល់ជំនួយជាឧបករណ៍វេជ្ជសាស្ត្រសម្រាប់វៀតណាម។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Li Keqiang បានជម្រាបអំពីសមិទ្ធិផលដែលចិនសម្រេចបានក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាម បានអនុវត្តនូវវិធានបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយជោគជ័យ ហើយឥឡូវនេះក៏កំពុងបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អដែរ។ លោកនាយករដ្ឋមន្ត្រិចិនក៏បានថ្លែងអំណរគុណ ចំពោះវៀតណាមដែលបានជួយឧត្ថម្ភចិននាគ្រាជំងឺរាតត្បាតឆ្លងរាលដាលនៅចិន។ ភាគីទាំងពីរបានឯកភាព ផ្តោតការយកចិត្តទុកដាក់ក្នុងការការពារសុខភាព និងការធានាសិទ្ធិស្របច្បាប់របស់ពលរដ្ឋនៃប្រទេសមួយ នៅក្នុងប្រទេសមួយទៀត។
ទាក់ទងនឹងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាម បាននិងកំពុងដឹកនាំរាល់ជំនួបពិភាក្សា និងបង្កើនការសម្របសម្រួលលើការបង្ការនិងប្រយុទ្ធប្រឆាំង ជំងឺរាត ត្បាតក្នុងចំណោមបណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសអាស៊ានជាមួយដៃគូ ក្នុងនោះមានទាំងយន្តការអាស៊ានបូក ៣ ទៀតផង។ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានបញ្ជាក់ថា ចិនតែងម្ចាស់ការនិងព្យាយាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ដូចជា គាំទ្រគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់វៀតណាម រួមទាំងសម្តែងនូវគោលបំណងចង់ឲ្យ សហគមន៍អន្តរជាតិរួមដៃគ្នាធ្វើសកម្មភាពផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម