ព័ត៌មាន
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចូលរួមសម័យពេញអង្គក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២

ថ្នាក់ដឹកនាំអាស៊ានចូលរួមសម័យប្រជុំពេញអង្គ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ បានបើកជាផ្លូវការនៅសឹង្ហបុរី។ បន្ទាប់នោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានដទៃបានចូលរួមសម័យប្រជុំចង្អៀតក្រោមអធិបតីភាព របស់នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong។
អញ្ជើញថ្លែងមតិនៅសម័យប្រជុំខាងលើ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phucបានឯកភាពជាមួយរបៀបទាក់ទងអភិក្រមរួមរបស់អាស៊ានអំពីទំនាក់ទំនងកិច្ចការបរទេសប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែងជាមួយដៃគូនានា ព្រមទាំងអះអាងថា អាស៊ានគួរតែរក្សាឲ្យបានរឹងមាំនូវតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់ ដោយឈរលើការពង្រឹងសាមគ្គីភាព ឯកភាព និងជំរុញការតភ្ជាប់ខាងសេដ្ឋកិច្ចក្នុងប្លុក។ ផ្លាស់ប្ដូរទស្សនៈអំពីស្ថានភាពក្នុងតំបន់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំអាស៊ាននានា បានស្វាគមន៍លទ្ធផលដ៏វិជ្ជមានក្នុងជំនួបចរចាកំពូលអន្តរកូរ៉េកាល ពីថ្ងៃទី២៧ មេសា ដោយចាត់ទុកថា នេះជាការបោះជំហានថ្មីនិងសំខាន់ក្នុងដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត លោក Nguyen Xuan Phuc ចាត់ទុកថា នៅតែមានបម្រែបម្រួលដ៏ស្មុគស្មាញនៅតំបន់សមុទ្រនេះ ហើយអាស៊ានគួរតែរក្សារឹងមាំនូវគោលការណ៍ជាសារវ័ន្តនិងគោលជំហរដែលបានឯកភាពស្ដីពីសមុទ្រខាងកើត។
មុននោះ នាយប់ថ្ងៃទី២៧ ខែមេសា នៅវិមានប្រធានាធិបតីសឹង្ហបុរី នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំប្រទេសអាស៊ានដទៃ បានអញ្ជើញចូលរួមសម័យពេញអង្គក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte
ចែករំលែកទស្សនៈជាមួយថ្នាក់ដឹកនាំអាស៊ានផ្សេងៗ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះប្រធានបទនិងអាទិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះ។ លោកនាយករដ្ឋមន្រ្តីឲ្យដឹងថែមទៀតថា ទីក្រុងជួរមុខចំនួន៣នៅវៀតណាមនោះគឺទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង នឹងចូលរួមការផ្ដួចផ្ដើមគំនិតស្ដីពីបណ្ដាញទីក្រុងឆ្លាតអាស៊ាន។ លោក Nguyen Xuan Phuc ក៏អញ្ជើញថ្នាក់ដឹកនាំអាស៊ានដទៃ មកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន (WEF-ASEAN) ដែលនឹងបានរៀបចំឡើងនៅវៀតណាម នាខែកញ្ញាខាងមុខផងដែរ។
មុននោះ នារសៀលថ្ងៃទី២៧ មេសា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម