នារសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucបានជួបពិភាក្សាជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Giles Lever ក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួន។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយ ឯកអគ្គរាជទូតអង់គ្លេស
ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការរួម វិភាគទានយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធិភាពរបស់ឯកអគ្គរដ្ឋទូតអង់គ្លេសក្នុងការអនុវត្តនិងធ្វើឲ្យជាក់ស្តែងនូវវិធានការនានាដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc បានអះអាងថា ភាគីទាំងពីរគប្បីបន្តពង្រីកសមិទ្ធផលដែលបានសម្រេចនិងខិតខំប្រឹងប្រែងនាំមកនូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យបានសកិ្តសមជាមួយក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងសក្តានុភាពនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ទន្ទឹមនឹងនេះភាគីទាំងពីរ គប្បីសហការគ្នាដើម្បីរៀបចំកិច្ចប្រជុំនៃគណៈកម្មា ធិការសេដ្ឋកិច្ច-ពាណិជ្ជកម្មវៀតណាម-អង់គ្លេស (JETCO) ឲ្យបានល្អ នាពេលខាងមុខនេះផងដែរ។
លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៨ ជាឆ្នាំដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃការបង្កើតទំនាក់ទំនងការទូត ហេតុដូច្នេះហើយប្រទេសទាំងពីរគប្បីពង្រឹងនិងពង្រីកការផ្លាស់ប្តូរសកម្មភាព ជួបប្រាស្រ័យទាក់ទងគ្នា ដើម្បីរួមចំណែកក្នុងការបង្កើនចំណងមិត្តភាព និងការស្វែងយល់គ្នាទៅវិញទៅមករវាងប្រទេសជាតិទាំងពីរ។
រីឯខ្លួនវិញ លោក Giles Lever បានអះអាងថា វៀតណាមសំរេចបាននូវលទ្ធផលល្អជាច្រើនក្នុងការកែលំអបរិយាកាសធ្វើអាជីវកម្មហើយរដ្ឋាភិបាលអង់គ្លេស ត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភផ្នែកច្ចេកទេសជូនដល់វៀតណាមលើវិស័យនេះ។ លោក Giles Lever ក៏សង្កត់ធ្ងន់ថាការអប់រំនិងបណ្តុះបណ្តាលគឺជាវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ហើយអង់គ្លេសនឹងបង្កើនចំនួនអាហារូបករណ៍សំរាប់និស្សិតវៀតណាម។ក្រៅពីនេះដែរ អង់គ្លេសនឹងជួយគាំទ្រយ៉ាងខ្លាំងក្លាក្នុងការធានាសន្តិសុខសុវត្ថិភាពសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើតក៏ដូចជាគោរពយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម