ក្នុងជំនួបជាមួយប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយអេក្វាឌ័រ ហើយស្នើឲ្យភាគីទាំងពីរបន្តផ្លាស់ប្តូរ ចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ កសិកម្ម។ល។ ជាពិសេស លោកនាយករដ្ឋមន្ត្រីស្នើឲ្យអេក្វាឌ័របង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ Viettel Group ក្នុងការវិនិយោគ ធ្វើអាជីវកម្ម អភិវឌ្ឍន៍ទូរគមនាគមន៍ សេវាកម្ម 5G និងបរិវត្តកម្មឌីជីថល នៅប្រទេសអេក្វាឌ័រ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍ និងបង្កើតការងារធ្វើសម្រាប់យុវជន និងកម្មករវ័យក្មេងនៅក្នុងប្រទេសអេក្វាឌ័រ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន លោក Adylbek Kasimalyev នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមកំពុងអនុវត្តន៍យ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Adylbek Kasimalyev កាលពីខែមីនាកន្លងទៅ; ស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ និងតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីកណ្តាល។ នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន បានយល់ព្រមនឹងសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ លើការជំរុញទំនាក់ទំនងទ្វេភាគី រួមទាំងការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កៀហ្ស៊ីស៊ីស្ថានដំបូងក្នុងឆ្នាំនេះ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសេណេហ្គាល់ លោក Ousmane Songko មេដឹកនាំទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ បន្តពង្រឹងសកម្មភាពពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម-វិនិយោគ តភ្ជាប់អាជីវកម្ម និងបង្កើតលក្ខខណ្ឌសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ដើម្បីជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក; សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម៕