ព័ត៌មាន
ទិវាវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥៖ មនុស្សជាតិរួមគ្នាជំនះឧបសគ្គនិងកសាងសហគមន៍ពិភពលោកដ៏ស្អិតរមួត
អញ្ជើញថ្លែងមតិក្នុងពិធី លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើអត្ថន័យដ៏ជ្រាលជ្រៅនៃពិធីបុណ្យវិសាខបូជាចំពោះវៀតណាម កន្លែងដែលព្រះពុទ្ធសាសនាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និងបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់ប្រទេសជាតិអស់រយៈពេលជាងពីរពាន់ឆ្នាំនៃប្រវត្តិសាស្ត្រជាមួយនឹងទស្សនវិជ្ជា “ការពារប្រទេស និងនាំមកនូវសុខសន្តិភាពជូនប្រជាជន”។ ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា ព្រះធម៌របស់ព្រះពុទ្ធអំពីទឹកចិត្តមេត្តាករុណា បញ្ញានិងសុខសន្តិភាពរបស់ព្រះពុទ្ធ គឺជាត្រីវិស័យសម្រាប់មនុស្សជាតិដើម្បីជំនះឧបសគ្គរួមគ្នា និងកសាងសហគមន៍ពិភពលោកដ៏ស្អិតរមួត គោរពគ្នាទៅវិញទៅមក និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទាំងនេះក៏ជាគុណតម្លៃដ៏ថ្លៃថ្លាដែលឆ្លុះបញ្ចាំងពីគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានជូនដំណឹងថា នាពេលថ្មីៗនេះ វៀតណាមបានរៀបចំដោយជោគជ័យនូវពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០២៥ ដោយប្រធានបទ “សាមគ្គីភាព និងការអត់ឱនចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្ស៖ បញ្ញាព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដោយមានការជូលរួមរបស់ព្រះសង្ឃ និងតំណាងពុទ្ធសាសនិក មកពីប្រទេសជាច្រើន។ ព្រឹត្តិការណ៍ឆ្នាំនេះរឹតតែពិសេសជាងនេះទៅទៀត ដោយសារបានប្រព្រឹត្តទៅក្នុងឱកាសដែលវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ និងរៀបចំដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិ។ លោកឯកអគ្គរដ្ឋទូតបានផ្ញើសារអបអរសាទរដល់សហគមន៍ពុទ្ធសាសនាជុំវិញពិភពលោក និងបានអំពាវនាវដល់ប្រទេសនិងប្រជាជននានា រួមគ្នាផ្សព្វផ្សាយស្មារតីនៃក្តីមេត្តា ភាពសុខដុមរមនា និងអធ្យាស្រ័យគ្នា ដើម្បីកសាងពិភពលោកមួយប្រកបដោយសន្តិភាព យុត្តិធម៌ ដែលគ្មាននរណាត្រូវទុកចោលពីក្រោយ៕






