• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចដែលបើកឱកាសអភិវឌ្ឍន៍ថ្មីៗជាច្រើន

នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលក្នុងឱកាសអបអរសាទរខួប ៤៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន - EU នៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) ហើយទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសលុចសំបួ ព្រះរាជាណាចក្រហូឡង់ និងព្រះរាជាណាចក្របែលហ្សិក។ ដំណើរទស្សនកិច្ចនេះបង្ហាញពីស្មារតីសកម្ម ម្ចាស់ការ និងការរួមវិភាគទានប្រកបដោយទំនួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ហើយរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម និងលុចសំបួ ហូឡង់ និងបែលហ្ស៊ិកផងដែរ។

សន្យាសហប្រតិបត្តិការជាមួយគ្នា

នេះជាលើកដំបូងហើយដែលអាស៊ាន និង EU រៀបចំកិច្ចប្រជុំកំពូលនៅ EU ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសជាសមាជិក ចាប់តាំងពីភាគីទាំងពីរបានបង្កើតទំនាក់ទំនងសន្ទនាក្នុងឆ្នាំ ១៩៧៧ មក ជាពិសេសក្រោយពីភាគីទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២០។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន លោក Igor Driesmans បានចាត់ទុកថា៖

នេះពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៅពេលដែលមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានជួបប្រជុំជាមួយមេដឹកនាំប្រទេសអាស៊ាននានា។ យើងខ្ញុំទន្ទឹងរង់ចាំព្រឹត្តិការណ៍នេះដោយមានការចូលរួមពីមេដឹកនាំអាស៊ាន។ ប្រការនេះគឺមានអត្ថន័យសំខាន់ណាស់ ព្រោះវាមិនត្រឹមតែជួយពង្រឹងទំនាក់ទំនងទ្វេភាគី EU-អាស៊ានប៉ុណ្ណោះទេ ថែមទាំងផ្ញើសារទៅកាន់ពិភពលោកថា យើងសន្យាសហប្រតិបត្តិការជាមួយគ្នាទៀតផង

ក្រឡេកមើលកិច្ចសហប្រតិបត្តិការរយៈពេល ៤៥ ឆ្នាំ ឡើងវិញ ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប បានអភិវឌ្ឍយ៉ាងស្វាហាប់ ហើយពង្រីកគ្របដណ្តប់លើគ្រប់វិស័យ។ នាបច្ចុប្បន្ន ភាគីទាំងពីរកំពុងសម្របសម្រួលអនុវត្តន៍ផែនការសកម្មភាពដាក់ឲ្យដំណើរការទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដំណាក់កាល២០២៣-២០២៧។ EU បានសង្កត់ធ្ងន់ថា អាស៊ានមានឋានៈមជ្ឈភាពក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់ EU នៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយអាស៊ាន។ ចំណុចលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប គឺវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ នៅឆ្នាំ ២០២១ ភាគីទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មធំទី ៣ របស់គ្នាទៅវិញទៅមក ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបជិត ២៧០ ពាន់លានដុល្លារអាមេរិក។

ក្នុងនាមជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវក្នុងអាស៊ាន វៀតណាមខិតខំរួមចំណែកក្នុងការជំរុញទំនាក់ទំនងអាស៊ាន - EU និយាយរួម និងទំនាក់ទំនងវៀតណាម - EU និយាយដោយឡែក។ វៀតណាមគឺជាប្រទេសអាស៊ានដំបូងគេដែលមានក្របខណ្ឌកិច្ចសហប្រតិបត្តិការទាំងអស់លើវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខជាមួយសហភាពអឺរ៉ុប។ ក្រោយរយៈពេលជាង ២ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ទំហំនាំចេញទំនិញរបស់វៀតណាមទៅកាន់ EU ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២២ សម្រេចបានជាង ៥២ ពាន់លានដុល្លារអាមេរិក ដែលនាំវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ១៤ របស់សហភាពអឺរ៉ុប។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន លោក Igor Driesmans បានវាយតម្លៃថា៖

វៀតណាមជាប្រទេសមួយដែលសហភាពអឺរ៉ុបមានទំនាក់ទំនងជិតស្និទ្ធក្នុងតំបន់។ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមរួចហើយ។ ភាគីទាំងពីរក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកនយោបាយ និងការពារជាតិទៀតផង។ ដូច្នេះហើយ មានមូលដ្ឋានគ្រឹះ និងស្ថាប័នដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី។ ហើយច្បាស់ណាស់ថា សម្រាប់សហភាពអឺរ៉ុបវៀតណាមមិនត្រឹមតែជាដៃគូទ្វេភាគីដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងជាសមាជិកដ៏សំខាន់នៅក្នុងអាស៊ានទៀតផង

  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចេញដំណើរពីទីក្រុងហាណូយ ទៅចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួប ៤៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបចំនួន ៣។ (រូបថត៖ VGP/Nhat Bac)  

ពង្រឹងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច-វិនិយោគឈានមុខគេរបស់វៀតណាមនៅអឺរ៉ុប

នៅឆ្នាំ២០២៣ វៀតណាមនឹងរួមជាមួយប្រទេសចំនួនបី គឺលុចសំបួរហូឡង់ និងបែលហ្សិក អបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងបី បានអភិវឌ្ឍយ៉ាងល្អប្រសើរ។ ប្រទេសទាំងបីនេះ ស្ថិតក្នុងក្រុមដៃគូសេដ្ឋកិច្ច-វិនិយោគឈានមុខគេរបស់វៀតណាមនៅអឺរ៉ុប។

ទំនាក់ទំនងវៀតណាម-លុចសំបួ មានការអភិវឌ្ឍយ៉ាងល្អប្រសើរ ជាពិសេសលើវិស័យវិនិយោគ និងជំនួយអភិវឌ្ឍន៍។ លុចសំបួ ជាវិនិយោគិនធំទី ៣ របស់ EU នៅវៀតណាម ដោយមានដើមទុនវិនិយោគសរុបចំនួន ២,៦ ពាន់លានដុល្លារអាមេរិក ហើយជាប្រទេសមួយក្នុងចំណោមប្រទេស EU ដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ EU-វៀតណាម (EVIPA)

ទំនាក់ទំនងវៀតណាម-ហូឡង់ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យជាច្រើន។ ប្រទេសហូឡង់ គឺជាវិនិយោគិនធំជាងគេរបស់ EU នៅវៀតណាម ជាមួយនឹងគម្រោងចំនួន ៣៨០ ក្នុងដើមទុនសរុប ១៣,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព ភាគីទាំងពីរបានដាក់ពង្រាយកម្មវិធី និងគម្រោងសហប្រតិបត្តិការជាច្រើនក្រោមការតម្រង់ទិសរយៈពេលមធ្យមនិងរយៈពេលវែង។

ក្នុងពេលជាមួយគ្នានោះ វៀតណាមនិងបែលហ្ស៊ិកបានដាក់ឲ្យដំណើរការកម្មវិធីសហប្រតិបត្តិការជាច្រើនក្នុងក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យកសិកម្ម។ គម្រោង គំរូសាកល្បងទឹកពីខ្យល់ត្រូវបានអនុវត្តន៍ចាប់ពីខែកញ្ញា ឆ្នាំ ២០២១ នៅឃុំ An Hai ខេត្ត Ninh Thuan គឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ប្រកបដោយប្រសិទ្ធភាពអំពីកិច្ចសហប្រតិបត្តិការនេះ។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានចាត់ទុកថា៖

"គំរូសាកល្បងទឹកពីខ្យល់" ដោយប្រើប្រាស់ទុន ODA របស់រដ្ឋាភិបាលបែលហ្សិកនៅខេត្ត Ninh Thuan គឺជាសក្ខីភាពមួយនៃកិច្ចសហប្រតិបត្តិការដែលក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទន្ទឹងរងចាំយ៉ាងខ្លាំង។ ជោគជ័យនៃគម្រោងនេះនឹងបង្កើតឱកាសជាច្រើនសម្រាប់ខេត្ត Ninh Thuan និយាយដោយឡែក និងខេត្តនានាដែលរងផលប៉ះពាល់ពីការជ្រៀតចូលទឹកប្រៃដោយសារការប្រែប្រួលអាកាសធាតុនិយាយរួម។ កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេសមានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់វិស័យកសិកម្មដើម្បីជំនះលើការលំបាកនៃការប្រែប្រួលអាកាសធាតុ

ផ្អែកលើសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លើកនេះ នឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាម និងលុចសំបួ ហូឡង់ និងបែលហ្ស៊ិក; បញ្ជាក់ឋានៈកាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងអាទិភាពរបស់ប្រទេសទាំងបី សម្រាប់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក; ជួយវៀតណាមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ស្របតាមតម្រូវការអភិវឌ្ឍន៍របស់វៀតណាម។

តាមរយៈសកម្មភាពក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូក៏នឹងបញ្ចេញសារអំពីប្រទេសវៀតណាមមួយ ដែលកំពុងស្ដារឡើងវិញយ៉ាងខ្លាំងក្លា ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ដើម្បីកសាងបរិយាកាសតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព ហើយរំលេចតួនាទីនៃពហុភាគីនិយមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

ក្រសួងការបរទេសត្រូវពង្រីកតួនាទីឈានមុខគេក្នុងភារកិច្ចការបរទេស

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តីលោក Tran Luu Quang បានជួបធ្វើការជាមួយក្រសួងការបរទេសស្តីពីការអនុវត្តកិច្ចការបរទេសនៅឆ្នាំ ២០២៣ ។

Top