បច្ចុប្បន្ននេះ ផ្លែគូលេនរបស់វៀតណាមល្បីឈ្មោះដោយមានតំបន់ដាំចំនួនពីរគឺគូលេន Thanh Ha ខេត្ត Hai Duong និងគូលេន Luc Ngan ខេត្ត Bac Giang បានមានវត្តមាននៅក្នុងប្រទេសនិងដែនដីជាង ៣០។ នៅឆ្នាំ២០២២ ផ្លែគូលេនវៀតណាមត្រូវបានគេព្យាករណ៍ថានឹងបានផលល្អដោយមានបរិមាណ ៣២ ម៉ឺនតោន។ ខេត្ត Bac Giang ជាតំបន់ដាំដើមគូលេនធំជាងគេនៅប្រទេសវៀតណាមដែលមានផ្ទៃដីជាង ២៨,០០០ ហិកតា ហើយបរិមាណផលត្រូវបានគេរំពឹងថានឹងសម្រេចបានប្រហែល ១៨០,០០០ តោន។
ខេត្ត Hai Duong មានផ្ទៃដីប្រហែល ៩,០០០ ហិកតា និងទិន្នផលប្រមូលផលដែលរំពឹងទុកថាមានប្រហែល ៦ ម៉ឺនតោន។ ក្នុងវេទិកានេះ លោក Tran Van Quan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានឲ្យដឹងថា៖ ផ្លែគូលេនជាធម្មតាទុំស្រុះក្នុងរយៈពេលខ្លីពីខែឧសភាដល់ខែកក្កដា ដោយទទួលបានទិន្នផលច្រើននិងរយៈពេលប្រមូលផលខ្លី ដូច្នេះ ការតភ្ជាប់ពាណិជ្ជកម្ម ការស្វែងរកទីផ្សារគឺជាការចាំបាច់បំផុត។
នៅក្នុងវេទិកានេះ ថ្នាក់ដឹកនាំខេត្ត Hai Duong និងខេត្ត Bac Giang បានជូនព័ត៌មានដ៏មានសារៈប្រយោជន៍ស្តីពីការតំរង់ទិសតំបន់ដាំដើមគូលេនប្រកបដោយសុវត្ថិភាពនៅតាមមូលដ្ឋាន ក៏ដូចជាដំណោះស្រាយដើម្បីសម្រេចបាននូវបំណងចង់ពង្រីកទីផ្សារនាំចេញផ្លែគូលេន។
លោក Phan The Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានឲ្យដឹងថា៖ “ខេត្ត Bac Giang កំពុងឈានចូលរដូវប្រមូលផលផ្លែគូលេននៅឆ្នាំ ២០២២។ យើងខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការរៀបចំលក្ខខណ្ឌក្នុងការផលិត ការកែច្នៃនិងការនាំចេញផ្លែគូលេនដែលមានគុណភាពខ្ពស់។ល។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានជំនួយនិងការយកចិត្តទុកដាក់ពីក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការអន្តរជាតិ... ក្នុងការតភ្ជាប់ ការពង្រីកទីផ្សារនិងការលើកកម្ពស់ការនាំចេញផ្លែគូលេន”។
នៅក្នុងវេទិកានេះ ការតាំងពិព័រណ៍ឌីជីថល "ផ្លែគូលេនវៀតណាមទៅកាន់ពិភពលោក" ក៏ត្រូវបានប្រារព្ធឡើងដើម្បីឧទ្ទេសនាមដល់ស្ថានតំណាងការទូត អង្គការអន្តរជាតិ ស្ថាប័នពាណិជ្ជកម្ម សហគ្រាសក្នុងស្រុកនិងអន្តរជាតិ៕