ព័ត៌មាន
ខេត្តក្វាងនិញ ត្រៀមខ្លួនជាស្រេចសម្រាប់ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
ក្នុងប៉ុន្មានថ្ងៃនេះ នៅខេត្តក្វាងនិញ បរិយាកាសនៃការបោះឆ្នោតបានរីកសាយភាយគ្រប់ទីកន្លែង ចាប់ពីតំបន់ទីក្រុង រហូតដល់តំបន់ព្រៃភ្នំ ព្រំដែន និងកោះសមុទ្រ។ នៅតាមផ្ទះវប្បធម៌ភូមិ និងសង្កាត់ ឬទីស្នាក់ការកណ្តាលនៃឃុំ សង្កាត់ និងតំបន់ពិសេស ការងារតុបតែងទីតាំងបោះឆ្នោតជាមួយនឹងទង់ជាតិ បដា និងពាក្យស្លោកត្រូវបានរៀបចំយ៉ាងឱឡារិក។ លោក Hoang Van Lien អាយុ ៧០ ឆ្នាំ លេខាសាខាបក្ស និងជាប្រធានទីប្រជុំជនលេខ ៥ តំបន់ពិសេស Van Don បានឲ្យដឹងថា៖ “ទីប្រជុំជនបានរៀបចំយ៉ាងហ្មត់ចត់ ជាពិសេសក្នុងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន និងបានរៀបចំឲ្យប្រជាជនជួបសំណេះសំណាលជាមួយបេក្ខជនក្នុងទីប្រជុំជនដែលបានឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ យើងបានពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតទាំងមូល ដើម្បីគុំឲ្យខកខាន ឬខ្វះខាត ហើយនឹងខិតខំរៀបចំឱ្យបានល្អនូវការបោះឆ្នោត ដោយបំពេញតាមតម្រូវការរបស់ថ្នាក់លើ”។
ខេត្តក្វាងនិញ បានបង្កើតគណៈកម្មការបោះឆ្នោតក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំចំនួន ៣៦៣ គណៈកម្មការបោះឆ្នោតក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តចំនួន ១៥ និងគណៈកម្មាធិការបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន ៣; ហើយបានបង្កើតក្រុមបោះឆ្នោតចំនួន ១.២៤៣ ដែលត្រូវនឹងទីតាំងបោះឆ្នោតចំនួន ១.២៤៣កន្លែង។
ចាប់ពីថ្ងៃទី ១ ខែមីនា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្តក្វាងនិញ បានសម្របសម្រួលការរៀបចំជំនួបសំណេះសំណាល ជាមួយអ្នកបោះឆ្នោតនៅតាមឃុំ សង្កាត់និងតំបន់ពិសេស ដើម្បីបេក្ខជនបង្ហាញពីកម្មវិធីសកម្មភាពរបស់ខ្លួន និងចូលរួមសន្ទនាដោយផ្ទាល់ជាមួយអ្នកបោះឆ្នោត។ គណៈកម្មាធិការដឹកនាំ និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តក្វាងនិញ ក៏បានរៀបចំសន្និសីទ អនឡាញទូទាំងខេត្ត ដើម្បីពិនិត្យ វាយតម្លៃ និងបន្តអនុវត្តភារកិច្ចសំខាន់ៗ ដោយធានាប្រកាន់ខ្ជាប់នូវផែនការរបស់មជ្ឈិម និងរបស់ខេត្ត។ ដោយមានការរៀបចំយ៉ាងសកម្ម សមកាលកម្ម និងស្រប់តាមបទបញ្ញត្តិ ខេត្តក្វាងនិញ ប្តេជ្ញារៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ ដើម្បីឲ្យថ្ងៃទី១៥ ខែមីនា ក្លាយជាពិធីបុណ្យរបស់ប្រជាជនទាំងអស់យ៉ាងពិតប្រាកដ ដែលសន្លឹកឆ្នោតនីមួយៗតំណាងឱ្យទំនុកចិត្ត និងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតចំពោះការអភិវឌ្ឍរបស់ខេត្ត និងប្រទេសជាតិ៕







