យោងតាមលោកអគ្គលេខាបក្ស គោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់គឺជាតម្រូវការបរានុម័តដែលកើតចេញពីតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី និងសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូល។ វៀតណាមមិនទទួលយកកំណើនទាបទេ។ យើងត្រូវតែបន្តគោលដៅនៃកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពនិងជាក់ស្តែង។
គោលការណ៍ស្នូលចំនួនបួន
គោលការណ៍ដំបូងដែលលោកអគ្គលេខាបក្សតូ ឡឹម បានលើកឡើងគឺកំណើនជាក់ស្តែង។ នេះមានន័យថាមិនដោះដូគុណភាព និងនិរន្តរភាពសម្រាប់តែល្បឿនកំណើននោះទេ។ ពោលគឺល្បឿនកំណើនសេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងកំណើនដែលមានគុណភាព ដោយផ្អែកលើផលិតភាពកត្តាសរុបកើនឡើង គុណភាពផលិតផលប្រសើរឡើង ការប្រកួតប្រជែងជាតិ និងតម្លៃបន្ថែមពិតប្រាកដ។ អគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ភាគរយនីមួយៗនៃកំណើនផលិតផលក្នុងស្រុកសរុប ត្រូវតែមានកម្រិតចំណេះដឹង និងតម្លៃបន្ថែមខ្ពស់ជាង។ ធានាថា កំណើនថ្ងៃនេះមិនប៉ះពាល់ដល់មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍថ្ងៃស្អែកទេ ហើយមិនធ្វើឱ្យធនធានសម្រាប់មនុស្សជំនាន់ក្រោយរបស់ប្រទេសជាតិថយចុះឡើយ។ លុបបំបាត់ចោលទាំងស្រុងនូវផ្នត់គំនិតនៃការដេញតាមសមិទ្ធផល។ ប្រសិនបើយើងគ្រាន់តែដេញតាមល្បឿន ខណៈពេលដែលមិនអើពើនឹងគុណភាព កំណើននឹងមិនមាននិរន្តរភាពទេ ហើយតម្លៃដែលត្រូវបង់គឺថ្លៃណាស់”។
វៀតណាមក៏នឹងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ។ នេះគឺជាតម្រូវការចម្បង និងជាសសរស្តម្ភដែលកំណត់សមត្ថភាពរបស់សេដ្ឋកិច្ចទាំងមូលក្នុងដំណើរការប្រកបដោយភាពបត់បែន សុវត្ថិភាព និងប្រសិទ្ធ ភាព។ ការគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុ រូបិយវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀតត្រូវតែមានភាពសកម្ម អាចបត់បែនបាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដោយគាំទ្រដល់កំណើនសមហេតុផល ខណៈពេលដែលពង្រឹងទំនុកចិត្តទីផ្សារ ធ្វើឱ្យការរំពឹងទុកមានស្ថេរភាព និងបង្កើនភាពធន់របស់សេដ្ឋកិច្ចចំពោះផលប៉ះពាល់ខាងក្រៅ។
ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់ វៀតណាមក៏នឹងប្រើប្រាស់ធន ធានដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ផ្តល់អាទិភាពដល់គម្រោងសំខាន់ៗ និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីបង្កើនប្រសិទ្ធភាពវិនិយោគ និងបង្កើនភាពប្រកួតប្រជែងជាតិ។ គម្រោងដែលបានជ្រើសរើសត្រូវតែមានផលប៉ះពាល់ជាយុទ្ធសាស្ត្រ លើសេដ្ឋកិច្ចទាំងមូល បង្កើតតម្លៃបន្ថែមយ៉ាងច្រើន និងរួមចំណែកដល់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ។
ការដែលកំណើនសេដ្ឋកិច្ចខ្ពស់ ត្រូវតែធានាថា បម្រើផលប្រយោជន៍ និងធ្វើអោយប្រសើរឡើងនូវសុខុមាលភាពសម្ភារៈ ស្មារតីរបស់ប្រជាជន និងលើកកម្ពស់សមធម៌សង្គម។ អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញលើកច្បាស់ថា៖ “គោលនយោបាយ គម្រោង និងធនធានវិនិយោគទាំងអស់ ត្រូវតែឆ្ពោះទៅការបង្កើតតម្លៃពិតប្រាកដសម្រាប់ប្រជាជន បង្កើនប្រាក់ចំណូល រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ បង្រួមគម្លាតអភិវឌ្ឍន៍ កែលម្អសុខុមាលភាពសង្គម ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជា ជនគ្រប់ស្រទាប់វណ្ណៈ។ ការធានាថា ផ្លែផ្កាកំណើនសេដ្ឋកិច្ចត្រូវបានចែក រំលែកដោយយុត្តិធម៌បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការឯកភាពគ្នាក្នុងសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព”។
ប្រព័ន្ធស្តង់ដារដែលកំណត់សម្រាប់ដំណើរការអភិវឌ្ឍន៍ទាំងមូល
យោងតាមអ្នកជំនាញ គោលការណ៍ទាំងបួនដែលត្រូវបានលោកអគ្គលេខាបក្សតូ ឡឹម គូសបញ្ជាក់ មិនត្រឹមតែជាតម្រូវការគ្រប់គ្រងសេដ្ឋកិច្ចភ្លាមៗ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រព័ន្ធស្តង់ដារដែលកំណត់សម្រាប់កំណើរការអភិវឌ្ឍន៍ទាំងមូលនៅក្នុងដំណាក់កាលថ្មី។ ក្នុងន័យនេះ កំណើនត្រូវបានដាក់ក្នុងរចនាសម្ព័ន្ធតឹងរ៉ឹងមួយ៖ គឺត្រូវតែមានគុណភាព គ្រឹះរឹងមាំ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងគោលដៅសង្គមច្បាស់លាស់។
លក្ខណៈពិសេសនៃគោលការណ៍ទាំងបួននេះគឺថា ត្រូវរួមបញ្ចូលតក្កវិជ្ជាពេញលេញនៃកំណើនទំនើប។ កំណើនត្រូវតែមានច្រើន ដើម្បីឱ្យសេដ្ឋកិច្ច "រីកចម្រើន" និង "ខ្លាំងក្លា"ជាង។ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវតែរក្សាដើម្បីដាក់មូលដ្ឋានគ្រឹះសម្រាប់ទំនុកចិត្ត និងភាពធន់នៃទីផ្សារ។ ធនធានត្រូវតែបែងចែកប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតរបកគំហើញមានលក្ខណៈរីកសាយភាយ។ ហើយចុងក្រោយ សមិទ្ធផលអភិវឌ្ឍន៍ទាំងអស់ត្រូវតែមានគោលបំណងកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងពង្រឹងសមធម៌សង្គម។ វិធីសាស្រ្តនេះដាក់ចេញគោលដៅនៅក្នុងទំនាក់ទំនងពង្រឹង និងគ្រប់គ្រងគ្នាទៅវិញទៅមក។
គោលការណ៍ទាំងបួនដែលលោកអគ្គលេខាបក្សបានដាក់ចេញ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច "ពីរខ្ទង់" មិនត្រឹមតែជាត្រីវិស័យនៃការត្រិះរិះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលដៅរយៈពេលវែងរបស់ប្រទេសជាតិទៀតផង។ ហើយលើសពីនេះទៅទៀត នោះជាការបញ្ជាក់យ៉ាងមុតមាំថា៖ រាល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទាំងអស់នៅទីបំផុតប្រមូលផ្តុំទៅលើសុភមង្គលរបស់ប្រជាជន៕







