ព័ត៌មាន
ការបោះឆ្នោតនៅកម្ពុជា៖ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បង្ហើបពីសមាសភាពថ្នាក់ដឹកនាំរដ្ឋសភានីតិកាលថ្មី
ក្នុងសារសំឡេងតាមបណ្តាញ Telegram នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាសភាពថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានីតិកាលទី ៧ រួមមានលោកស្រី ឃួន សុដារី កាន់តំណែងជាប្រធានរដ្ឋសភា លោក ជាម យៀប បន្តជាអនុប្រធានទី១ ខណៈដែលលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងកាន់តំណែងជាអនុប្រធានទី២។ ក្នុងសារសំឡេងនោះ សម្តេច តេជោ ហ៊ុន សែន បានឲ្យដឹងថា ផែនការសមាសភាពនេះត្រូវបានសម្រេចតាំងពីចុងឆ្នាំ២០២១មកហើយ និងការឧទ្ទេសនាមលោកស្រី ឃួន សុដារី ឲ្យកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី ៧ គឺដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី។
យោងតាមកាលវិភាគ រដ្ឋសភាកម្ពុជានីតិកាលទី ៧ នឹងបើកកិច្ចប្រជុំលើកដំបូង និងសម័យប្រជុំលើកទី ១ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២១ និង ២២ ខែសីហាខាងមុខ៕