លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ កំពុងប៉ះពាល់ដល់រាល់សកម្មភាពក្នុងប្រទេសនិងអន្តរជាតិ ប៉ះពាល់ដល់គ្រប់វិស័យនៃជីវភាពរស់នៅ ពីនយោបាយ-ការទូត រហូតដល់សេដ្ឋកិច្ចនិងសង្គម... ប៉ុន្តែវិស័យការទូតនៅតែទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់។
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងសន្និសីទ |
នាព្រឹកថ្ងៃទី ១៥ ខែធ្នូ អញ្ជើញចូលរួមនិងថ្លែងមតិដឹកនាំក្នុងសន្និសីទការទូតលើកទី ៣១ ក្រោមប្រធានបទ “ការទូតវៀតណាមដើរឈានមុខ គ្រប់ជ្រុងជ្រោយ សម្របខ្លួនដោយម្ចាស់ការនិងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣” លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះប្រធានបទនៃសន្និសីទនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តនិងការតស៊ូរបស់ផ្នែកការទូតទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ កំពុងប៉ះពាល់ដល់រាល់សកម្មភាពក្នុងប្រទេសនិងអន្តរជាតិ ប៉ះពាល់ដល់គ្រប់វិស័យនៃជីវភាពរស់នៅពីនយោបាយ-ការទូត រហូតដល់សេដ្ឋកិច្ចនិងសង្គម... ប៉ុន្តែវិស័យការទូតនៅតែទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់។ យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh សមិទ្ធិផលដែលវិស័យការទូតសម្រេចបានគឺដោយសារ វិស័យការទូតបានកំណត់និងអនុវត្តន៍ជាក់ស្តែង នូវគោលនយោបាយច្បាប់របស់រដ្ឋ សាមគ្គីភាព ពង្រីកប្រពៃណីការទូត ដោយទទួលបានការគាំទ្រពីគ្រប់កម្រិត គ្រប់វិស័យ និងមិត្តភក្តិអន្តរជាតិ។
ក្នុងបរិបទដែលពិភពលោកនៅតែមានការផ្លាស់ប្តូរជាច្រើន ជាពិសេសការវិវឌ្ឍន៍ដែលមិនអាចព្យាករណ៍នៃជំងឺរាតត្បាតកូវីដ-១៩ នាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា វិស័យការទូតចាំបាច់ត្រូវកំណត់ឲ្យបានច្បាស់លាស់ ដើម្បីកំណត់ទិសដៅសមស្របនាពេលខាងមុខ។
“ទាក់ទងនឹងភារកិច្ចសម្រាប់ឆ្នាំ ២០២២ និង ២០២៣ យើងត្រូវព្យាករណ៍ពីស្ថានភាពដើម្បីរៀបចំកិច្ចការបរទេសឱ្យសមស្រប។ ទីមួយ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រគឺច្បាស់ណាស់។ ត្រូវព្យាករស្ថានការណ៍ដើម្បីប្រព្រឹត្តយ៉ាងដូចម្ត៉េចសម្រាប់ដោះស្រាយបញ្ហាប្រឈមទាញ យកឱកាសសម្រាប់ការអភិវឌ្ឍ។ ទីពីរគឺជំងឺរាតត្បាតកូវីដ-១៩។ នេះជាបញ្ហាសកល ដូច្នេះត្រូវមានការអភិក្រមវិធីសាស្ត្រសកលមួយ និងត្រូវមានសាមគ្គីភាពអន្តរជាតិទើបរួមដៃគ្នាដោះស្រាយបាន។ ទី៣ គឺបញ្ហាបម្រែបម្រួលអាកាសធាតុ និងការរាំងស្ងួតធនធាន។ យ៉ាង ណាមិញ បដិវត្តន៍ ៤.០ មានទាំងបញ្ហាប្រឈមនិងឱកាស ដែលបញ្ហាប្រឈមធំបំផុតគឺសុវត្ថិភាពបណ្តាញ។ ប៉ុន្តែប្រសិនបើយើងទាញ យកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ ឱកាសក៏មានច្រើនផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។
មុននោះ សន្និសីទការទូតលើកទី ៣១ បានបើកសម័យប្រជុំពេញអង្គ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា ចាប់តាំងពីសន្និសីទការទូតលើកទី ៣០ នាឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន បរិបទនៃស្ថានការណ៍ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញ មានការអភិវឌ្ឍថ្មីៗជាច្រើន លើសពីការព្យាករណ៍ ប៉ុន្តែការទូតវៀតណាម នៅតែសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើន។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son អញ្ជើញមានប្រសាសន៍ថា៖ “វិស័យការទូតបានប្រកាន់គោលការណ៍ដោយខ្ជាប់ខ្ជួននឹងគោលដៅមានភាពម្ចាស់ការ មានភាពបត់បែននិងភាពច្នៃប្រឌិតក្នុងការជំនះការលំបាកនិងជំនះឧបសគ្គ ដើម្បីអនុវត្តន៍ប្រកបដោយសមកាលកម្មនូវកិច្ចការបរទេសសំខាន់ៗ តាមនោះ សម្រេចបាននូវគោលដៅសំខាន់ៗនិងគ្រប់ជ្រុងជ្រោយ។ នោះគឺការរក្សាបាននូវបរិយាកាសសន្តិភាពនិងស្ថិរភាព ការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី។ បន្តពង្រីកនិងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូជាច្រើន ជាពិសេសប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី។ អាស្រ័យហេតុនេះ ទាញយកអត្ថប្រយោជន៍ពេញលេញពីប្រភពធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។
លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមកំពុងឈានចូលដំណាក់កាលយុទ្ធសាស្ត្រថ្មី ផ្សារភ្ជាប់ជាមួយនឹងការសម្រេចបាននូវសេចក្តីប្រាថ្នា ចក្ខុវិស័យ គោលដៅ និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ឈរលើមូលដ្ឋាននោះ កិច្ចការបរទេសនឹងបន្តលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវរបស់ខ្លួនក្នុងការបង្កើត និងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ការកៀងគរធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកំពស់ឋានៈ កិត្យានុភាពរបស់ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម