អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាអធិបតីនៃសម័យប្រជុំជាមួយគណៈកម្មាធិការប្រតិបត្តិបក្សខេត្ត Ninh Thuan។ រូបថត៖ VOV
អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តស្តីពីការបន្តអនុវត្តគោលនយោបាយវិនិយោគលើគម្រោងអគ្គិសនីនុយក្លេអ៊ែរ នីញ ធួន បន្ទាប់ពីត្រូវផ្អាក អស់រយៈពេល ៨ ឆ្នាំមក។ នេះជាឱកាសសម្រាប់វៀតណាមអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កែលម្អសក្ដានុពលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មអគ្គិសនីនុយក្លេអ៊ែរសកល ហើយអាចរៀនសូត្រ និងធ្វើជាម្ចាស់លើ បច្ចេកវិទ្យា នុយក្លេអ៊ែររបស់ពិភពលោកនាពេលខាងមុខ។
អគ្គលេខាបក្ស លោក តូ ឡឹម បានគូសបញ្ជាក់ថា៖ “ប្រជាជនខេត្ត Ninh Thuan និងតំបន់ជិតខាងរួមគ្នាចែករំលែកនិងចំណាយធនធានធម្មជាតិ ដីធ្លី សម្រាប់អភិវឌ្ឍន៍គម្រោងថាមពល បម្រើការអភិវឌ្ឍរបស់ប្រទេសទាំងមូល ហើយនឹងទទួលបានផលប្រយោជន៍សក្តិសមនៃការអភិវឌ្ឍនេះជាពុំខាន។ បក្ស និងរដ្ឋនឹងធានាថា នឹងជ្រើសរើសបច្ចេកវិទ្យានុយក្លេអ៊ែរល្អបំផុត ដៃគូប្រឹក្សាដ៏ល្អបំផុត និងការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រងល្អបំផុត ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៃគម្រោងថាមពលនេះរបស់ប្រទេសជាតិ មិនត្រឹមតែសម្រាប់មនុស្សជំនាន់បច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សជំនាន់ក្រោយទៀតផង”។
មុននោះ នាព្រឹកថ្ងៃទី៥ ខែធ្នូ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញមកអុជធូប និងដាក់ផ្កា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីនីញ ធួន ផងដែរ៕