ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)
ក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងនូវតួនាទីសំខាន់របស់គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម ជាស្ថាប័នប្រឹក្សាយុទ្ធសាស្ត្ររបស់បក្ស ក្នុងការរៀបចំផែនការណែនាំ និងគោលនយោបាយរបស់បក្សក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ហានិភ័យបណ្តាលពីការដើរថយក្រោយនិងដើរឃ្លាតចេញពីគន្លងផ្លូវក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចអាចកើតឡើងគ្រប់ពេលវេលា ដូច្នេះហើយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ និងប្រឹក្សាយោបល់លើទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជូនបក្ស និងរដ្ឋ ក្នុងពេលខាងមុខនេះ។ លោកអគ្គលេខាបក្សអញ្ជើញមានប្រសាសន៍ថា៖ "ភារកិច្ចនិងតួនាទីរបស់ក្រុមប្រឹក្សាគឺធំណាស់។ ក្រុមប្រឹក្សាត្រូវតែសកម្ម វិជ្ជមាន មានការត្រេះរិះវែងឆ្ងាយ ផ្តល់ប្រឹក្សាយោបល់ដោយម្ចាស់ការ និងស្នើចេញដំណោះស្រាយ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រទេសអភិវឌ្ឍន៍ប្រកបដោយយូរអង្វែង និងស្ថិរភាពក្នុងអំឡុងពេលខាងមុខ”។
យោងតាមគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម ចាប់ពីដើមអាណត្តិនៃមហាសន្និបាតបក្សលើកទី ១៣ រហូតមកដល់ពេលនេះ គណៈកម្មាធិការបានធ្វើជាអធិបតីក្នុងការកសាង និងបង្ហើយគម្រោងសេដ្ឋកិច្ចសង្គមចំនួន ២៣ សម្រាប់ដាក់ជូនគណៈកម្មាធិការប្រតិបត្តិមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន។ លើសពីនេះ ក្រុមប្រឹក្សាក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍគម្រោងចំនួន ១៥ ហើយដាក់ជូនគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដើម្បីពិនិត្យនិងផ្សព្វផ្សាយសេចក្តីសម្រេច និងសេចក្តីណែនាំ និងសេចក្តីសន្និដ្ឋាន រួមចំណែកលើកកំពស់តួនាទីដឹកនាំរបស់បក្ស ក្នុងបញ្ហាសេដ្ឋកិច្ចសង្គម៕