ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមករា គណៈកម្មាធិការពិសេសសម្រាប់ការ កសាងបទប្បញ្ញត្តិអនុវត្តន៍អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) បានបើកកិច្ចប្រជុំនៅទីក្រុងវីយែន ប្រទេសអូទ្រីស។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោក អាន់តូនីញ៉ូ ហ្គូទែរេស អគ្គលេខាធិការអង្គការសហប្រជាជាតិ ថតរូបជាមួយប្រធានគណៈប្រតិភូដែលចូលរួមក្នុងពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាហាណូយ។ (រូបថត៖ VNA)
នេះគឺជាកិច្ចប្រជុំលើកទីមួយ
របស់គណៈកម្មាធិការ
បន្ទាប់ពីអនុសញ្ញានេះត្រូវបានបើកឱ្យចុះហត្ថលេខានៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២៥-២៦
ខែតុលា ឆ្នាំ ២០២៥ ដោយផ្តោតលើការពិភាក្សាអំពីសេចក្តីព្រាងបទប្បញ្ញត្តិនៃសន្និសីទប្រទេសសមាជិកនៃអនុសញ្ញាហាណូយ
និងត្រៀមរៀបចំសម្រាប់ការអនុវត្តអនុសញ្ញាប្រកបដោយប្រសិទ្ធភាព
បន្ទាប់ពីការចូលជាធរមាន។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ
លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang ប្រធានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ
និងអង្គការអន្តរជាតិនៅទីក្រុងវីយែន បានអះអាងថា
វៀតណាមជានិច្ចកាលផ្តល់អាទិភាពដល់ស្មារតីសហប្រតិបត្តិការ
និងការឯកភាពក្នុងដំណើរការកសាងនិងអនុវត្តន៍អនុសញ្ញានេះ។
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា បទប្បញ្ញត្តិប្រតិបត្តិការមួយដ៏ច្បាស់លាស់
ម៉ឺងម៉ាត់ និងផ្អែកលើការឯកភាពគ្នា នឹងជាមូលដ្ឋានដ៏សំខាន់ដើម្បីធានាថា
សន្និសីទបណ្ដាប្រទេសសមាជិក នឹងដំណើរការប្រកបដោយប្រសិទ្ធភាព តម្លាភាព
និងអាចទុកចិត្តបាន នៅពេលដែលអនុសញ្ញានេះចូលជាធរមាន។
វៀតណាមអំពាវនាវឲ្យប្រទេសនានាដែលមិនទាន់ចុះហត្ថលេខា ឬផ្តល់សច្ចាប័នលើអនុសញ្ញានេះ
បំពេញនីតិវិធីចាំបាច់ក្នុងពេលឆាប់ៗនេះ
ដើម្បីឱ្យអនុសញ្ញាអាចចូលជាធរមានបានយ៉ាងឆាប់រហ័ស
និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត។
បច្ចុប្បន្ននេះ វៀតណាមកំពុងបំពេញនីតិវិធីក្នុងស្រុកយ៉ាងសកម្ម
ហើយប្តេជ្ញាផ្តល់សច្ចាប័នលើអនុសញ្ញានេះក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម