ព័ត៌មាន

វៀតណាមអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខានិងផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយក្នុងពេលឆាប់ៗនេះ

ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមករា គណៈកម្មាធិការពិសេសសម្រាប់ការ កសាងបទប្បញ្ញត្តិអនុវត្តន៍អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) បានបើកកិច្ចប្រជុំនៅទីក្រុងវីយែន ប្រទេសអូទ្រីស។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោក អាន់តូនីញ៉ូ ហ្គូទែរេស អគ្គលេខាធិការអង្គការសហប្រជាជាតិ ថតរូបជាមួយប្រធានគណៈប្រតិភូដែលចូលរួមក្នុងពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាហាណូយ។ (រូបថត៖ VNA)

នេះគឺជាកិច្ចប្រជុំលើកទីមួយ របស់គណៈកម្មាធិការ បន្ទាប់ពីអនុសញ្ញានេះត្រូវបានបើកឱ្យចុះហត្ថលេខានៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២៥-២៦ ខែតុលា ឆ្នាំ ២០២៥ ដោយផ្តោតលើការពិភាក្សាអំពីសេចក្តីព្រាងបទប្បញ្ញត្តិនៃសន្និសីទប្រទេសសមាជិកនៃអនុសញ្ញាហាណូយ និងត្រៀមរៀបចំសម្រាប់ការអនុវត្តអនុសញ្ញាប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីការចូលជាធរមាន។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang ប្រធានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងវីយែន បានអះអាងថា វៀតណាមជានិច្ចកាលផ្តល់អាទិភាពដល់ស្មារតីសហប្រតិបត្តិការ និងការឯកភាពក្នុងដំណើរការកសាងនិងអនុវត្តន៍អនុសញ្ញានេះ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា បទប្បញ្ញត្តិប្រតិបត្តិការមួយដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ និងផ្អែកលើការឯកភាពគ្នា នឹងជាមូលដ្ឋានដ៏សំខាន់ដើម្បីធានាថា សន្និសីទបណ្ដាប្រទេសសមាជិក នឹងដំណើរការប្រកបដោយប្រសិទ្ធភាព តម្លាភាព និងអាចទុកចិត្តបាន នៅពេលដែលអនុសញ្ញានេះចូលជាធរមាន។ វៀតណាមអំពាវនាវឲ្យប្រទេសនានាដែលមិនទាន់ចុះហត្ថលេខា ឬផ្តល់សច្ចាប័នលើអនុសញ្ញានេះ បំពេញនីតិវិធីចាំបាច់ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យអនុសញ្ញាអាចចូលជាធរមានបានយ៉ាងឆាប់រហ័ស និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត។ បច្ចុប្បន្ននេះ វៀតណាមកំពុងបំពេញនីតិវិធីក្នុងស្រុកយ៉ាងសកម្ម ហើយប្តេជ្ញាផ្តល់សច្ចាប័នលើអនុសញ្ញានេះក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕


top