នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក តាណាកា អាគីហ៊ីកូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ (រូបថត៖ VNA)
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យ JICA ស្រាវជ្រាវលើទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលខាងមុខ ដូចជា៖ ជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តឧស្សាហូបនីយកម្ម ទំនើបកម្ម ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍បច្ចេកវិទ្យា ការបង្កើនផលិតភាពការងារ និងសមត្ថភាពប្រកួតប្រជែងរបស់វៀតណាម; ផ្តល់ប្រាក់កម្ចី ODA ជំនាន់ថ្មីដល់វៀតណាម ជាមួយនឹងលក្ខខណ្ឌអំណោយផលជាងមុន និងនីតិវិធីដោយមានភាពបត់បែនជាងមុន ជំរុញការស្រាវជ្រាវ និងអនុវត្តន៍ប្រាក់កម្ចីគាំទ្រថវិកាក្នុងវិស័យបញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរឌីជីថលក្នុងពេលឆាប់ៗនេះ; បណ្តុះបណ្តាលធនធានមនុស្សជាអ្នកដឹកនាំនិងអ្នកគ្រប់គ្រង។
ទិដ្ឋភាពនៃជំនួប។ (រូបថត៖ VNA)
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ JICA សម្របសម្រួលជាមួយក្រសួងហិរញ្ញវត្ថុ និងក្រសួង វិស័យ និងមូលដ្ឋានដទៃទៀតរបស់វៀតណាម ដើម្បីបង្កើតបញ្ជីគម្រោងសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២៦-២០៣០ និងសហការជាមួយភាគីវៀតណាម ដើម្បីពន្លឿនវឌ្ឍនភាពនៃគម្រោងសាកលវិទ្យាល័យវៀតណាម-ជប៉ុន ជាដើម។
រីឯខ្លួនវិញ ប្រធាន JICA លោក តាណាកា អាគីហ៊ីកូ បានឲ្យដឹងថា JICA បានស្នើទិសដៅថ្មីៗក្នុងកិច្ចសហប្រតិបត្តិការ ODA ជាមួយវៀតណាមក្នុងរយៈពេលខាងមុខ រួមទាំងសសរស្តម្ភចំនួនបួន ក្នុងវិស័យ៖ ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់; ការអភិវឌ្ឍឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់; ការកសាង និងកែលម្អស្ថាប័ន គោលនយោបាយ; និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ លោកបានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិយាយរួម និង JICA និយាយដោយឡែក ជាមួយវៀតណាម ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការដើម្បីបាញ់បង្ហោះផ្កាយរណប LOTUSat-1 ឱ្យបានឆាប់៕