លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវ ទៅទស្សនាមជ្ឈមណ្ឌល Arvo Pärt ដែលជានិមិត្តរូបវប្បធម៌ដ៏លេចធ្លោរបស់ប្រទេសអេស្តូនី។ (រូបថត៖ VNA)
នារសៀលថ្ងៃទី ៧ មិថុនា (តាមម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី Tallinn បញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអេស្តូនី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអេស្តូនី លោក Kristen Michal។ ក្នុងអំឡុងពេល ៣ ថ្ងៃស្នាក់នៅប្រទេសអេស្តូនី លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអេស្តូនីលោក Kristen Michal។ លោកនាយករដ្ឋមន្ត្រី Kristen Michal បានអះអាងថា អេស្តូនីមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ត្រៀមខ្លួនជាស្រេចប្រកៀកស្មាជាមួយវៀតណាមក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត សន្តិសុខតាមអ៊ីនធឺណិត ការអប់រំនិងបណ្តុះបណ្តាល។ មេដឹកនាំទាំងពីរបានអះអាងថា ប្រទេសទាំងពីរចាំបាច់ត្រូវគាំទ្រ និងជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាអភិវឌ្ឍន៍ តាមរយៈការរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុវិស័យ។
លទ្ធផលសំខាន់នៃដំណើរទស្សនកិច្ចការងារនេះគឺភាគីទាំងពីរបានចុះហត្ថលេខាលើបណ្ដាអនុស្សរណៈនៃការយោគយល់គ្នា ជាពិសេសអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ អេស្តូនី គឺជាសក្ខីភាពមួយនៃដំណើរការបរិវត្តកម្មឌីជីថលប្រកបដោយជោគជ័យ ហើយប្រការនេះបានផ្លាស់ប្តូរ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាជំរុញសេដ្ឋកិច្ច និងបង្កើតការងារផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានបំណងថា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល អេស្តូនីនឹងបញ្ជូនគណៈប្រតិភូអ្នកជំនាញមក ជួយវៀតណាមនាពេលខាងមុខ បំផុសគំនិតនិងបង្កើតកម្លាំងចលករសម្រាប់ វៀតណាមក្នុងការអភិវឌ្ឍវិស័យបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ក្នុងអំឡុងពេលស្នាក់នៅអេស្តូនី លោកនាយករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយប្រធានសភាអេស្តូនី ចូលរួមវេទិកាធុរកិច្ចវៀតណាម-អេស្តូនី ទស្សនាកំពង់ផែ Tallinn Sadam ទស្សនាមជ្ឈមណ្ឌល e-Estonia ដែលជានិមិត្តរូបនៃរដ្ឋាភិបាលឌីជីថលឈានមុខគេរបស់ពិភពលោក និងមជ្ឈមណ្ឌល Arvo Pärt ដែលជានិមិត្តរូបវប្បធម៌ដ៏លេចធ្លោរបស់ប្រទេសអេស្តូនី៕