នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកបឋមសិក្សានិងអនុវិទ្យាល័យ Tay Giang ដែលស្ថិតនៅឃុំព្រំដែនភាគខាងលិចនៃទីក្រុង Da Nang ជាប់នឹងប្រទេសឡាវ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ qdnd.vn)
ដោយអនុវត្តន៍សេចក្តីជូនដំណឹងលេខ ៨១ របស់ការិយាល័យនយោបាយ ទីក្រុង Da Nang នឹងសាងសង់សាលារៀនចំនួន ៦ នៅឃុំព្រំដែនក្នុងឆ្នាំ ២០២៥ ដោយចំណាយថវិកាសរុបជាង ១.៥០០ ពាន់លានដុង (៦១,២២ លានដុល្លារអាមេរិក) ក្នុងនោះមានសាលាអន្តេវាសិកបឋមសិក្សានិងអនុវិទ្យាល័យ Tay Giang ផងដែរ។
ថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា Tay Giang ជាឃុំព្រំដែនដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាក។ សាលារៀននៅរាយប៉ាយ និងខ្វះខាតសម្ភារៈបរិក្ខារ ដែលប៉ះពាល់ដល់ការសិក្សា និងការរស់នៅរបស់សិស្ស និងលោកគ្រូអ្នកគ្រូ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការវិនិយោគកសាងសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ Tay Giang មានអត្ថន័យដ៏ធំធេងខាងនយោបាយ សេដ្ឋកិច្ច សង្គម និងមនុស្សធម៌ បង្កើតលក្ខខណ្ឌសម្រាប់សិស្សានុសិស្សមានបរិយាកាសសិក្សានិងប្រជុំជីវភាពប្រកបដោយសុវត្ថិភាព ទំនើប មានលក្ខខណ្ឌពេញលេញសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ; រួមចំណែកលើកកម្ពស់ចំណេះដឹងទូទៅរបស់ប្រជាជន បណ្តុះបណ្តាលធនធានមនុស្សនៅហ្នឹងកន្លែង ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ព្រំដែន; អនុវត្តន៍សមធម៌ក្នុងវិស័យអប់រំ បង្រួមគម្លាតអភិវឌ្ឍន៍រវាងតំបន់នានា។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូនៃសាលាអន្តេវាសិកបឋមសិក្សានិងអនុវិទ្យាល័យ Tay Giang បន្តលះបង់ក្តីស្រឡាញ់ដោយអស់ពីចិត្តជូនចំពោះសិស្សានុសិស្ស; លើកកម្ពស់ចំណេះដឹង គុណភាពក្នុងការបង្រៀន និងរៀនសូត្រដើម្បីឱ្យសាលាសម្រេចបានសមិទ្ធិផលបន្ថែមទៀតក្នុងការអប់រំ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម