នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីកិច្ចពិភាក្សាការងារប្រកបដោយជោគជ័យ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ដើម្បីជម្រាបអំពីលទ្ធផលនៃកិច្ចពិភាក្សាការងារ ក្នុងនោះ មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។
មេដឹកនាំទាំងពីរចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីកិច្ចពិភាក្សាការងារ។ (រូបថត៖ VNA)
ថ្លែងនៅសន្និសីទសារព័ត៌មាន
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានមានប្រសាសន៍ថា៖ “ខ្ញុំនិងនាយករដ្ឋមន្ត្រី Kishida
Fumio ទើបតែមានកិច្ចពិភាក្សាការងារដ៏ជោគជ័យមួយ។
ភាគីទាំងពីរបានក្រឡែកមើលឡើងវិញនូវសមិទ្ធិផល និងការអភិវឌ្ឍដ៏ខ្លាំងក្លា លេចធ្លោ
និងទូលំទូលាយនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម -
ជប៉ុនក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ ជាពិសេស
យើងខ្ញុំបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព
និងវិបុលភាពនៅអាស៊ី និងពិភពលោក។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់
ដែលបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន សម្រាប់ការអភិវឌ្ឍយ៉ាងជាក់ស្ដែង
គ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព តភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ
ឆ្លើយតបនឹងផលប្រយោជន៍នៃភាគីទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ សេចក្តីថ្លែងការណ៍រួម
និងកិច្ចពិភាក្សារវាងខ្ញុំ និងនាយករដ្ឋមន្ត្រី Kishida Fumio បានឯកភាពលើទិសដៅសំខាន់ៗនៃទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុននាពេលខាងមុខ”។
ចំណែកលោកនាយករដ្ឋមន្ត្រី
Kishida
Fumio បានស្វាគមន៍ចំពោះកម្ចី ODA របស់ជប៉ុនសម្រាប់វៀតណាមក្នុងឆ្នាំ
២០២៣ ដែលអាចលើសពីកម្រិត១០០ពាន់លានយ៉េន។ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានសន្យាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រួលបែបបទផ្ដល់ទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម
បន្តកែលម្អបរិយាកាសការងារ និងលក្ខខណ្ឌសន្តិសុខសង្គមសម្រាប់សហគមន៍ជនវៀតណាមនៅជប៉ុន។
លោកនាយករដ្ឋមន្ត្រី Kishida Fumio មានប្រសាសន៍ថា៖
“ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានទទួលស្វាគមន៍លោក Vo Van
Thuong ប្រធានរដ្ឋវៀតណាមមកកាន់ប្រទេសជប៉ុន
ក្នុងឆ្នាំប្រវត្តិសាស្ត្រនៃការរំលឹកខួបលើកទី ៥០
ការបង្កើតទំនាក់ទំនងការទូតជប៉ុន-វៀតណាម។ ដើម្បីសន្តិភាព និងវិបុលភាពនៃអាស៊ី
និងពិភពលោក យើងខ្ញុំបានព្រមព្រៀងគ្នាលើកកំពស់ទំនាក់ទំនងទ្វេភាគី។ នៅពេលអនាគត
ចាំបាច់ត្រូវពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត”។
នៅក្នុងសន្និសីទសារព័ត៌មាន
លោកប្រធានរដ្ឋ Vo Van Thuong និងលោកនាយករដ្ឋមន្ត្រី Kishida
សុទ្ធតែបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹង
និងរក្សាសណ្តាប់ធ្នាប់ សេរីភាពអន្តរជាតិក្នុងស្មារតីគោរពច្បាប់; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ
និងតំបន់លើបញ្ហាដែលជាក្ដីកង្វល់រួម រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។
ឯកភាពគាំទ្រការធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយគ្រប់ជម្លោះ
និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ
ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់នៃអង្គការសហប្រជាជាតិ (UNCLOS)
ឆ្នាំ ១៩៨២។
មុនពេលចូលរួមសន្និសីទសារព័ត៌មាន
លោកប្រធានរដ្ឋ Vo Van Thuong និងលោកនាយករដ្ឋមន្ត្រី Kishida
Fumio បានអញ្ជើញជាសាក្សីក្នុងពិធីប្រគល់-ទទួលឯកសារសហប្រតិបត្តិការលើវិស័យអប់រំ
- បណ្តុះបណ្តាល សុខាភិបាល ការផ្លាស់ប្ដូរថាមពល បច្ចេកវិទ្យាអវកាស
ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការជំនះផលវិបាកក្រោយសង្គ្រាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម