លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ VNA)
ក្នុងអំឡុងពេលសប្តាហ៍កម្រិតខ្ពស់នៃសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នៃសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងការចូលរួមចំណែករបស់វៀតណាមចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ នៅក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅអង្គការសហប្រជាជាតិ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង វៀតណាមនិងភ្នាក់ងារនានានៃអង្គការសហប្រជាជាតិសម្រាប់ដំណាក់កាល ២០២៧ -២០៣១ ដែលបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក ស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នៅឯអាកាសយានដ្ឋាន (រូបថត៖ VNA)
នៅសហរដ្ឋអាមេរិកផងដែរ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានជួបជាមួយមិត្តភក្តិនិងដៃគូអាមេរិក។ ក្នុងជំនួបធ្វើការទាំងនេះ ភាគីទាំងពីរបានទទួលស្គាល់ពីសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហរដ្ឋអាមេរិក ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ព្រមទាំងបានសង្កត់ធ្ងន់លើស្មារតីនៃការទទួលខុសត្រូវក្នុងការបន្តធ្វើការរួមគ្នាដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង។
នៅប្រទេសកាណាដា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម គូសសញ្ញាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម ដែលបានទៅទស្សនកិច្ចប្រទេសកាណាដា ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត។ ចំណុចលេចធ្លោសំខាន់បំផុតគឺការធ្វើឱ្យប្រសើរឡើងជាផ្លូវការនៃទំនាក់ទំនងវៀតណាមនិងកាណាដា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដោយផ្អែក លើសេចក្តីប្រកាសរួមរវាងប្រទេសទាំងពីរ ដែលមានសសរស្តម្ភចំនួនប្រាំបីនៃកិច្ចសហប្រតិបត្តិការ។ ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយមួយដែលមានចំណងជើងថា "ភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-កាណាដា ក្នុងពិភពលោកដែលពោរពេញដោយការប្រែប្រួល" នៅសភាកាណាដា ដោយបើកទិសដៅសំខាន់ៗសម្រាប់ប្រទេសទាំងពីរក្នុងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាង នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មី; រួមជាមួយនឹងសកម្មភាពសំខាន់ៗជាច្រើនដែលរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាណាដា។
លោកប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគោលនយោបាយការបរទេស ប្រគល់មេដាយសមាគមគោលនយោបាយការបរទេសជូនលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម (រូបថត៖ VNA)
ដំណើរទស្សនកិច្ចចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៅក្នុងសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាណាដា បានបង្ហាញពីរូបភាពនៃវៀតណាមដ៏ស្វាហាប់មួយ ដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង និងបន្តធ្វើការរួមចំណែកជាវិជ្ជមានដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ជុង បានបញ្ជាក់ថា៖ “ដំណើរទស្សនកិច្ចការងារលើកនេះរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋ ទទួលបានជោគជ័យយ៉ាងខ្លាំង ដូចដែលបានបង្ហាញដោយលទ្ធផលដ៏សម្បូរបែប និងជាក់ស្តែងជាច្រើន។ តាមរយៈដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានផ្លាស់ប្តូរទស្សនៈលើសមិទ្ធផលនៃដំណើរការកែទម្រង់ លើការអភិវឌ្ឍ និងគោលនយោបាយការបរទេសរបស់យើង។ និងសារអំពីគោលដៅ ទិសដៅ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វៀតណាមក្នុងយុគសម័យថ្មី។ ទីពីរ និងសំខាន់ជាងនេះទៅទៀត លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានបញ្ជាក់យ៉ាងមុតមាំអំពីគោលនយោបាយការបរទេសរបស់ វៀតណាម ថា ជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ និងចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយរាល់បញ្ហារួម៕