នាព្រឹកថ្ងៃទី ១៤ ខែតុលា គណៈកម្មាធិការបក្សទីក្រុងហូជីមិញ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ និងគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានរៀបចំយ៉ាងឱឡារិកនូវពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់ ដែលត្រូវបានរកឃើញ និងប្រមូលនៅឧទ្យានវប្បធម៌ ឡេធីរៀង ទីក្រុងហូជីមិញ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំជាច្រើនរបស់បក្ស និងរដ្ឋ បានចូលរួមក្នុងពិធីនេះ។

អានវិយោគកថានៅពិធីរំលឹកវិញ្ញាណក្ខន្ធ លោក ង្វៀន ម៉ាញគឿង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងជាប្រធានគណៈកម្មាធិការដឹកនាំការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុងហូជីមិញ បានសម្តែងការដឹងគុណនិងការចងចាំចំពោះវីរយុទ្ធជនពលីទាំងអស់។

"ដោយធ្វើតាមការអំពាវនាវរបស់បក្ស និងមាតុភូមិ បងប្អូនរួមជាមួយយុវជនរាប់លាននាក់ បានលះបង់ខ្លួនចូលទៅក្នុងសមរភូមិ 'ត្រៀមខ្លួនពលីដើម្បីមាតុភូមិ' រួមជាមួយបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល ធ្វើការតស៊ូដ៏យូរអង្វែង ដើម្បីសម្រេចបានជ័យជម្នះចុងក្រោយ។ ពលីកម្មរបស់បងប្អូន មានតម្លៃមិនអាចកាត់ថ្លៃបាន; គុណូបការៈរបស់បងប្អូន គឺធំធេង។ ជ័យជម្នះធំធេងកើតចេញពីពលីកម្មធំធេង។ មាតុភូមិ ជនរួមជាតិ និងសមមិត្តចងចាំងចាំគុណូបការៈរបស់បងប្អូន។ សិរីរុងរឿងមកលើវីរយុទ្ធជនពលី ដែលបានលះបង់ជីវិតរបស់ខ្លួនដល់មាតុភូមិ មិនគិតពីខ្លួនឯងដើម្បីសុភមង្គលរបស់ប្រជាជន"។

នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ គណៈប្រតិភូបានចំណាយរយៈពេល ១ នាទីធ្វើស្មឹងស្មាធដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនពលី។

ប្រជាជនរាប់ពាន់នាក់បានតម្រង់ជួរតាមដងផ្លូវដែលក្បួនរថយន្តឆ្លងកាត់ ដោយកាន់ផ្កាពណ៌សដើម្បីជូនដំណើរយុទ្ធជនពលី។ (រូបថត៖ VNA)

បន្ទាប់ពីពិធីរំលឹកវិញ្ញាណក្ខន្ធ អដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ គ្រោងត្រូវបានដង្ហែរទៅកាន់ឈាបនដ្ឋានយុទ្ធជនពលីទីក្រុងហូជីមិញសម្រាប់បញ្ចុះ។ ប្រជាជនរាប់ពាន់នាក់បានតម្រង់ជួរតាមដងផ្លូវដែលក្បួនរថយន្តឆ្លងកាត់ ដោយកាន់ផ្កាពណ៌សដើម្បីជូនដំណើរយុទ្ធជនពលី។ យុវជនម្នាក់បានសម្តែងអារម្មណ៍ថា៖

“នៅពេលគិតអំពីរូបភាពរបស់យុទ្ធជនដែលបានស្ថិតនៅក្រោមដីអស់រាប់សិបឆ្នាំមកហើយ ធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ នោះហើយជាមូលហេតុដែលខ្ញុំ និងយុវជនដទៃទៀត មានវត្តមាននៅទីនេះតាំងពីព្រឹកព្រលឹម ដើម្បីជូនដំណើរបងប្អូន ពូមីង ទៅកាន់ទីកន្លែងសម្រាកចុងក្រោយ។ ទោះបីជាវាគ្រាន់តែជាពេលវេលាខ្លីក៏ដោយ ប៉ុន្តែសម្រាប់ខ្ញុំ នោះគឺជាកិត្តិយស មោទនភាព និងក៏ជារបៀបមួយសម្រាប់យើងបង្ហាញពីការគោរព ការដឹងគុណចំពោះជំនាន់មុនៗ ដែលជាវរីយុទ្ធជនពលីរបស់ប្រជាជាតិយើង”។

មុននោះ កាលពីយប់ថ្ងៃទី១៣ ខែតុលា កម្មវិធីសិល្បៈពិសេសមួយដែលមានចំណងជើងថា "បទចម្រៀងនៃការដឹងគុណ" បានធ្វើឡើងនៅឧទ្យានវប្បធម៌ឡេធីរៀង។ កម្មវិធីនេះបានរំលឹកដល់មនុស្សម្នាក់ៗដែលកំពុងរស់នៅក្នុងសន្តិភាពឱ្យបន្តចូលរួមចំណែកក្នុងការកសាង និងការពារប្រទេសជាតិ៕