សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ (តាមម៉ោងនៅអាមេរិក) បានចុះហត្ថលេខាលើច្បាប់មួយដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលសហរដ្ឋ រហូតដល់ពាក់កណ្តាលខែមីនាឆ្នាំ ២០២៥ តាមនោះ ជៀសវាងហានិភ័យនៃការបិទទ្វារមួយផ្នែក មុនថ្ងៃបុណ្យណូអែល។
សេតវិមាននៅទីក្រុង Washington D.C។ រូបថត៖ THX/TTXVN
មុននោះ សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសមាជិកសភានៅក្នុងសភាទាំងពីរនៃសហរដ្ឋអាមេរិក មុនកាលកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២០ ខែធ្នូ។ សេចក្តីព្រាងច្បាប់ថវិកាធ្វើវិសោធនកម្ម ដើម្បីផ្តល់មូលនិធិដល់ទីភ្នាក់ងារសហរដ្ឋ រហូតដល់ពាក់កណ្តាលខែមីនាឆ្នាំ២០២៥ មានការផ្លាស់ប្តូរមួយចំនួនបើប្រៀបធៀបទៅនឹងសេចក្តីព្រាងច្បាប់ដែលត្រូវបានច្រានចោលពីមុន ដោយបានបន្ថែមទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារអាមេរិក សម្រាប់ការងារជួយសង្គ្រោះ និងដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយបន្ទាប់ពីព្យុះកំបុតចំនួនពីរគឺ Milton និង Helene និងទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិកដើម្បីឧបត្ថម្ភផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាកសិករផងដែរ។ សេចក្តីព្រាងច្បាប់នេះ ក៏រួមបញ្ចូលនូវបទប្បញ្ញត្តិបន្តសុពលភាពនៃសេចក្តីព្រាងច្បាប់កសិដ្ឋានរយៈពេលមួយឆ្នាំបន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះ មិនរាប់បញ្ចូលការបង្កើនកម្រិតបំណុលសាធារណៈទេ បើទោះបីជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានយល់ព្រមដំឡើងកម្រិតនេះឡើងដល់ ១.៥០០ពាន់លានដុល្លារអាមេរិក ជាថ្នូរនឹងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលចំនួន ២.៥០០ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខក៏ដោយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម