ចាស់ព្រឹទ្ធាចារ្យនិងអាចារ្យសំណែន ត្រៀមពិធីកិច្ចសម្រាប់ថ្ងៃបុណ្យទាន។
ឈាមមាន់នឹងបានលាបលើបង្គោលទង់ មុខគង និងលាបលើថ្ងាសអ្នកដែលចូលរួមពិធីបុណ្យ។
ចាស់ព្រឹទ្ធាចារ្យផ្លុះត្រែប្រកាសប្រាប់លក្ខណៈពិធីបុណ្យអំណរស្រូវថ្មី។
ជនជាតិកើហរស្រែ (Co Ho Sre) ឈរជុំបង្គោលទង់ ធ្វើពិធីកិច្ចក្នុងថ្ងៃបុណ្យអំណរស្រូវថ្មី។
ក្រោយពេលធ្វើការប្រកបដំណាំលើដីស្រែ ស្រូវបានពេញជម្រុក ជនជាតិកើហរស្រែ (Co Ho Sre) នឹងបើកពិធីបុណ្យអំណរស្រូវថ្មី ដើម្បីថ្លែងអំណរអរព្រះគុណដល់មេឃដី ព្រះអាទិទេព ដែលបានជួយឃុំគ្រងភូមិស្រុកមួយឆ្នាំកន្លង មានភ្លៀងខ្យល់អំណោយផល ដំណាំស្រស់ល្អ ស្រូវទុំដាក់គ្រាប់។ ប្រជាជននៅទីនេះ ត្រៀមបម្រុងគ្រឿងសំណែនសម្រាប់ពិធីដោយប្រុងប្រយត្នជាខ្លាំង។ គ្រឿងសំណែនរួមមានស្រាប៊ឺត អង្ករ ត្រីងាត អំបិល បាយដំណើប និងផ្លែឈើជាដើម។ ក្នុងពិធីកិច្ច របស់ជនជាតិកើហរស្រែ (Co Ho Sre) តែងមានទំនៀមទម្លាប់បូជាយញ្ញ ដើម្បីអំណរគុណព្រះអាទិទេព។ នៅឆ្នាំដែលមានដំណាំអំណោយផល ពិធីបុណ្យបានរៀបចំឡើងអធិកអធម៌ ដោយពួកគាត់មានបូជាយញ្ញសត្វក្របី តូចបន្តិចបូជាយញ្ញសត្វពពែនិងមាន់។
ចាស់ព្រឹទ្ធាចារ្យ អញ្ជើញស្រា ពាក់កងស្ពាន់ ជូនភ្ញៀវ និងអ្នកភូមិ។
ក្រុមគងឃ្មោះប្រគំទំនុកអំណរភ្ញៀវ នាបុណ្យអំណរស្រូវថ្មី។
នារីកើហរស្រែ (Co Ho Sre) រាំរបាំជុំវិញបង្គោលទង់។ នៅព្រឹកថ្ងៃបុណ្យ ពេលប្រជាជនជុំគ្នាជាស្រេច នៅជុំបង្គោលទង់ ចាស់ព្រឹទ្ធាចារ្យនឹងផ្លុះត្រែបីបទ ប្រកាសបូជាមេឃដី ព្រះអាទិទេព សូមបើកពិធីបុណ្យទាន។ បន្ទាប់មក ចាស់ព្រឹទ្ធាចារ្យបម្រើកិច្ចពិសិដ្ឋបំផុត មានពិធីបូជាយញ្ញ និងសូមដាក់គងឃ្មោះ។ គ្រឿងបូជាយញ្ញគឺមានមាន់ឈ្មោល ដំបូងចាស់ព្រឹទ្ធាចារ្យប្រើឈាមមាន់លាបលើបង្គោលទង់ មុខគង រួចលាបលើថ្ងាសអ្នកចូលរួម ដើម្បីបួងសួងសូមសំណាង សុខភាព សូមឆ្នាំក្រោយអាកាសធាតុអំណោយផល ដំណាំស្រស់ល្អ។ ពេលគងឃ្មោះបានដាក់ចុះ ក្រុមរបាំនឹងរាំជុំវិញបង្គោលទង់ ក្រោមទំនុកបទភ្លេង ហ្គុងម៉ែ (Gung Me) ហ្គុងម៉ា (Gung Ma) (បទភ្លេងអំណរភ្ញៀវ)។ បន្ទាប់មកទៀត គឺជាកិច្ចសែនព្រេន ចាស់ព្រឹទ្ធាចារ្យនឹងចាក់ស្រាថ្វាយដល់ព្រះអាទិទេព រួចអញ្ជើញស្រា ពាក់អង្កាំ ពាក់កងករស្ពាន់ ជូនភ្ញៀវនិងអ្នកចូលរួមពិធីបុណ្យ។ កិច្ចសែនព្រេងក៏ជាកិច្ចការបញ្ចប់នៃពិធីបុណ្យទាននេះដែរ ក្រុមគងឃ្មោះនៅតែបន្តលេងទំនុកបទភ្លេងអំណរភ្ញៀវ រាំជុំវិញបង្គោលទង់ ជាមួយសំនៀងបទ ញូតើណើម (Nhu To Nom) (ផឹកស្រប៊ឺត)។
តាមធម្មតា បើកឆាកសម្រាប់ពិធីបុណ្យ តែងមានគងឃ្មោះប្រគំបទភ្លេង អំណរភ្ញៀវ បួងសួងសូមភ្លៀង។ល។ មនុស្សគ្រប់គ្នា រួមផឹកស្រាប៊ឺត រួមច្រៀង រាំលេងជុំគ្នា ជាមួយបទចម្រៀងប្រជាប្រិយប្រពៃណី។ ដូច្នេះ ការលេងសប្បាយគួបនឹងរសជាតិស្រាប៊ឺតរណ្តំចិត្ត សំឡេងគងឃ្មោះក៏កាន់ឮលាន់រំពងទៅឆ្ងាយ រួមនឹងសំនៀងច្រៀងលន្លង់លន្លោច ហើយមនុស្សគ្រប់គ្នាកាន់សប្បាយ រីករាយ នៅពេលនឹកដល់រដូវអំណោយផលនាឆ្នាំខាងមុខ៕