យ៉ាឡាយ (Gia Lai) - បទភ្លេងប្រគំរួម នៃព្រៃព្រឹក្សា និងមហាសមុទ្រ
យ៉ាឡាយ បង្ហាញខ្លួនតាមរយៈស៊ុមរូបភាពនីមួយៗ ប្រៀបដូចជាបន្ទះពណ៌ប្តូររូប៖ តាំងពីតំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen) រហូតដល់ផ្ទៃសមុទ្របៃតង នៃភូមិភាគកណ្តាល ពោរពេញដោយពន្លឺថ្ងៃ ជាកន្លែងដែលធម្មជាតិ និងវប្បធម៌បានរួមគ្នាបង្កើតជាបទភ្លេងចក្ខុរម្មណ៍ដោយជក់ចិត្ត។
យ៉ាឡាយ មិនត្រឹមតែជាតំបន់ខ្ពង់រាប bazan លាតសន្ធឹងដាច់កន្ទុយភ្នែកប៉ុណ្ណោះទេ នៅទាំងជាចង្វាក់នៃលំហវប្បធម៌គងឃ្មោះ ជាពណ៌សម្បុរនៃពិធីបុណ្យទាន និងជីវភាពរស់នៅនៃជនជាតិ ជឺរ៉ាយ (Jrai) បាណា (Bahnar) សេដាំង (Xe Đăng)។ល។ បណ្ដាខឿនវប្បធម៌ទាំងនោះ បានលេចឡើងយ៉ាងពិតប្រាកដផង និងអាថ៌កំបាំងផង ប្រៀបដូចជាខ្សែភាពយន្តដ៏រស់រវើក នៅកណ្តាលព្រៃភ្នំក្រោមថ្ម។
ការពង្រីកលំហអភិវឌ្ឍន៍ បន្ទាប់ពីការផ្សារភ្ជាប់ជាមួយខេត្ត ប៊ិញឌិញ (Binh Dinh) បាននាំមកជូនយ៉ាឡាយ នូវប្រភពគំនិតថ្មីសម្រាប់វិស័យថតរូប៖ តាំងពីព្រៃភ្នំ រហូតដល់សមុទ្រ។ ប្រសិនបើ ខ្ពង់រាបបានកត់ត្រាដោយស៊ុមរូបភាពស្រស់ត្រកាលនៃព្រៃភ្នំ នោះតំបន់ឆ្នេរសមុទ្រ បានបើកបង្ហាញនូវផ្ទាំងពណ៌ភ្លឺចិញ្ចាចនៃសមុទ្រពណ៌បៃតង ខ្សាច់ស និងពន្លឺថ្ងៃពណ៌មាស លាយឡំជាមួយស្លាកស្នាមបុរាណ នៃបេតិកភណ្ឌចាម្ប៉ា និងស្មារតីក្បាច់គុនវិសេសវិសាល។
នៅលើផ្ទៃដីលាតសន្ធឹងជាង ២១.៥០០គីឡូម៉ែត្រការ៉េ រាល់គោលដៅនីមួយៗ ជា "និយាមការូបភាព" ពោរពេញដោយភាពរលឹក៖ ផ្ទៃទឹកស្រទន់នៃបឹងទន្លេ មាត់ភ្នំភ្លើង ជឺដាងយ៉ា (Chu Dang Ya) រដូវផ្ការីកស្គុះស្កាយ ប្រព័ន្ធអេកូឡូស៊ីរហោស្ថាន នៃតំបន់ កនកាគីញ (Kon Ka Kinh) ឬខ្សែបន្ទាត់កោងគួរឱ្យចាប់អារម្មណ៍ នៃតំបន់ គីកូ (Ky Co) និង អែវយ៉ (Eo Gio)។ ទាំងអស់នេះ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីរូបារម្មណ៍ច្រើនស្រទាប់ ជាទីកន្លែងដែលធម្មជាតិ និងមនុស្សមានវត្តមានប្រកបដោយភាពសម្របជានិច្ច។
ឆ្ពោះទៅកាន់ឆ្នាំទេសចរណ៍ជាតិ២០២៦ ក្រោមប្រធានបទ "ព្រៃព្រឹក្សាជំនួបសមុទ្របៃតង" យ៉ាឡាយ មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ នៅទាំងជាប្រភពនិមិត្តកម្ម ដែលទីរាល់ស៊ុមរូបនីមួយៗ សុទ្ធតែរៀបរាប់ពីរឿងរ៉ាវនៃការសម្របរវាងព្រៃភ្នំ និងសមុទ្រ រវាងប្រពៃណី និងចលនាទំនើប៕
អត្ថបទ៖ ថាញ់ហ្វ័រ រូបថត៖ ថាញ់ហ្វ័រ និង កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង












