ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៃមហាពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិ (Vesak ២០២៥) នាយប់ថ្ងៃទី ៨ ឧសភា នៅតំបន់ទេសចរណ៍នៅឧទ្យានជាតិភ្នំបាដែន (Ba Den) ខេត្តតៃនិញ គណៈប្រតិភូបុណ្យវិសាខបូជា ឆ្នាំ ២០២៥ រួមទាំងប្រតិភូជាតិ និងអន្តរជាតិជាង ២.០០០នាក់ និងពុទ្ធសាសនិករាប់ពាន់នាក់ បានចូលរួមក្នុងពិធីអុជធូបបួងសួងសុំសន្តិភាពសម្រាប់ពិភពលោក និងធ្វើពិធីបូជាព្រះសារីរិកធាតុរបស់ព្រះពុទ្ធសក្យមុនី។
ពិធីនេះបានធ្វើឡើងនៅលើភ្នំពិសិដ្ឋខ្ពស់បំផុតក្នុងតំបន់ភាគខាងត្បូង ដែលមិនត្រឹមតែជាពិធីសាសនាប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍វប្បធម៌បង្កប់ដោយមនុស្សជាតិ បង្ហាញពីបំណងប្រាថ្នាចង់បានសន្តិភាពរបស់ប្រជាជន វៀតណាមនិងពុទ្ធសាសនិកជុំវិញពិភពលោក ។ អញ្ជើញថ្លែងពុទ្ធដីការនៅទីនេះ ព្រះតេជគុណ ថាញ់ ញៀវ អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម បានសង្កត់ធ្ងន់ថា៖ “ពិធីថ្ងៃនេះមិនត្រឹមតែជាសកម្មភាពខាងវិញ្ញាណជានិមិត្តរូបប៉ុណ្ណោះទេ ថែមទាំងជាសំឡេងនៃក្តីមេត្តា ដែលជាការអធិស្ឋានយ៉ាងជ្រាលជ្រៅចេញពីបេះដូងរបស់មនុស្សរាប់លាននាក់ឆ្ពោះទៅកាន់ពិភពលោកដែលគ្មានសង្គ្រាម និងគំនុំគុំកួន; កន្លែងដែលសត្វលោកទាំងអស់រស់នៅក្នុងសេចក្តីស្រឡាញ់រាប់អាន។ រាល់ការអុជទៀននៅយប់នេះគឺជាអណ្ដាតភ្លើងនៃក្ដីសង្ឃឹម ជាពន្លឺនៃសេចក្ដីស្រឡាញ់ សារនៃសុច្ឆន្ទៈ និងសាមគ្គីភាព។ ពីកំពូលភ្នំបាដែន ពន្លឺនោះនឹងសាយភាយទៅគ្រប់ទិសទី ហួសព្រំដែនទាំងអស់ ដើម្បីភ្ជាប់ចិត្តមនុស្សស្រឡាញ់សន្តិភាពជុំវិញពិភពលោក”។
មុននោះ គណៈកម្មាធិការរៀបចំមហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ បានធ្វើពិធីបូជាព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធសក្យមុនី នៅមជ្ឈមណ្ឌលពិព័រណ៍ព្រះពុទ្ធសាសនានៃតំបន់ទេសចរណ៍ជាតិភ្នំបាដែន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo