ដើម្បីពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យ និងធានាសុវត្ថិភាពម្ហូបអាហារ នៅតាមសាលារៀន ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ទីក្រុងហាណូយបានបង្កើតក្រុមត្រួតពិនិត្យអន្តរស្ថាប័ន ដោយផ្តោតលើការពិនិត្យឡើងវិញយ៉ាងទំលំទូលាយ លើដំណើរការរៀបចំអាហារថ្ងៃត្រង់ នៅតាមគ្រឹះស្ថានអប់រំ ចាប់ពីការជ្រើសរើសអង្គភាពផ្គត់ផ្គង់ ការត្រួតពិនិត្យប្រភពវត្ថុធាតុដើម រហូតដល់ការចម្អិន ការរក្សាទុក និងការត្រួតពិនិត្យគុណភាពអាហារ។
អនុវត្តតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ស្តីពី ការបង្កើតក្រុមការងារត្រួតពិនិត្យអន្តរស្ថាប័នលើការរៀបចំអាហារថ្ងៃត្រង់ នៅតាមគ្រឹះស្ថានអប់រំក្នុងទីក្រុង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យអន្តរស្ថាប័នលេខ ២ ដឹកនាំដោយលោកស្រី ង្វៀន ធី ធូ ហាំង (Nguyen Thị Thu Hang) ប្រធានការិយាល័យគុណភាព និងអភិវឌ្ឍន៍ទីផ្សារ នៃមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ ក្នុងនាមជាអនុប្រធានក្រុមនេះបានចុះត្រួតពិនិត្យជាបន្ទាន់ នៅសាលាមត្តេយ្យ វ៉ាន់ប៊ិញ (Van Binh) និងសាលាបឋមសិក្សា វ៉ាន់ប៊ិញ (Van Binh) ក្នុងឃុំ ធឿងទិន (Thuong Tin) ទីក្រុងហាណូយ។
ការត្រួតពិនិត្យ ផ្តោតលើការដឹកនាំ និងការវាយតម្លៃ ការជ្រើសរើស ការចែកភារកិច្ច ការចុះកិច្ចសន្យា និងការអនុវត្តកិច្ចសន្យា ជាមួយអង្គភាពផ្គត់ផ្គង់ម្ហូបអាហារ និងសេវាកម្ម សម្រាប់ការរៀបចំអាហារថ្ងៃត្រង់។ ក្រុមការងារនេះក៏បានពិនិត្យលើការគ្រប់គ្រង និងការត្រួតពិនិត្យរបស់គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំ ចំពោះអង្គភាពផ្គត់ផ្គង់ម្ហូបអាហារ រួមមានទឹកពិសា ទឹកដោះគោ និងផលិតផលផ្សេងៗ ទៀត វត្ថុធាតុដើមជាម្ហូបអាហារ អាហារចម្អិនរួចជាស្រេច និងសេវាកម្មចម្អិនអាហារ។
ក្រុមការងារត្រួតពិនិត្យអន្តរស្ថាប័នលេខ២ ចុះត្រួតពិនិត្យជាបន្ទាន់ នៅគ្រឹះស្ថានផ្គត់ផ្គង់ម្ហូបអាហារ ដល់សាលាមត្តេយ្យ វ៉ាន់ប៊ិញ (Van Binh)ក្នុងឃុំធឿងទិន(Thuong Tin)។ រូបថត៖ ត្រឹន ថាញ់យ៉ាង/VNP
ក្រៅពីការត្រួតពិនិត្យឯកសារ និងលិខិត ក្រុមការងារបានចុះវាយតម្លៃជាក់ស្តែងអំពី លក្ខខណ្ឌនៃការរៀបចំអាហារថ្ងៃត្រង់ នៅតាមគ្រឹះស្ថានអប់រំ អង្គភាពផ្គត់ផ្គង់ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត។ ជាពិសេស ក្រុមការងារនេះបានយកចិត្តទុកដាក់លើការធ្វើបច្ចុប្បន្នភាព ការគ្រប់គ្រង និងការប្រើប្រាស់ព័ត៌មាន ការផ្ទៀងផ្ទាត់ឯកសារ វិក្កយបត្រ និងការតាមដានប្រភពដើមនៃម្ហូបអាហារ តាមរយៈប្រព័ន្ធទិន្នន័យស្តីពី អាហារូបត្ថម្ភ និងសុវត្ថិភាពម្ហូបអាហារ នៅតាមសាលារៀនរបស់ទីក្រុងហាណូយ (HanoiCheck)។ ការគោរពច្បាប់ និងសេចក្តីណែនាំរបស់ទីក្រុង ស្តីពី សុវត្ថិភាពម្ហូបអាហារ អាហារូបត្ថម្ភ និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ ក្នុងការរៀបចំអាហារថ្ងៃត្រង់ផងដែរ។
ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងលើលក្ខខណ្ឌរៀបចំអាហារថ្ងៃត្រង់ នៅក្នុងផ្ទះបាយរបស់សាលាមត្តេយ្យ វ៉ាន់ប៊ិញ (Van Binh)ក្នុងឃុំ ធឿងទិន (Thuong Tin) ។ រូបថត៖ ត្រឹន ថាញ់យ៉ាង/VNP
គួរឱ្យកត់សម្គាល់ថា ឆ្នាំសិក្សា ២០២៦-២០២៧ គឺជាឆ្នាំដំបូង ដែលដំណើរការវាយតម្លៃ និងជ្រើសរើសអង្គភាពផ្គត់ផ្គង់ តាមប្រព័ន្ធត្រូវបានដាក់ឱ្យអនុវត្ត។ ដូច្នេះ គ្រឹះស្ថានអប់រំ និងអង្គភាពផ្គត់ផ្គង់មួយចំនួន មិនទាន់ស្ទាត់ជំនាញក្នុងដំណើរការអនុវត្ត ហើយត្រូវការការណែនាំ និងការគាំទ្របន្ថែម។ ចំពោះអង្គភាពផ្គត់ផ្គង់ ក្រុមត្រួតពិនិត្យបានតម្រូវឱ្យបង្កើនការត្រួតពិនិត្យ នៅទីតាំងជាក់ស្តែង ពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធ និងបន្តត្រួតពិនិត្យអង្គភាពផ្គត់ផ្គង់មិនសូវទៀងទាត់ ជំនួសឲ្យការគ្រាន់តែធ្វើការប្តេជ្ញាចិត្តអំពីគុណភាព។
តាមរយៈលទ្ធផលនៃការចុះត្រួតពិនិត្យ នៅតាមមូលដ្ឋាននានា បានបង្ហាញថា ការធានាសុវត្ថិភាពម្ហូបអាហារ នៅតាមសាលារៀន ទាមទារឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ សាលារៀន អង្គភាពផ្គត់ផ្គង់ និងអាណាព្យាបាលសិស្ស។ ការងារត្រួតពិនិត្យ មិនអាចពឹងផ្អែកតែលើឯកសារ លិខិត ឬការប្តេជ្ញាចិត្ត របស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព នៅគ្រប់ដំណាក់កាលនៃការរៀបចំម្ហូបអាហារ។
ក្រុមការងារត្រួតពិនិត្យអន្តរស្ថាប័នលេខ២ ចុះពិនិត្យ លើសុវត្ថិភាពម្ហូបអាហារ អាហារូបត្ថម្ភ និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ ក្នុងការរៀបចំអាហារថ្ងៃត្រង់ នៅសាលាបឋមសិក្សា វ៉ាន់ប៊ិញ (Van Binh)ក្នុងឃុំធឿងទិន(Thuong Tin)។ រូបថត៖ ត្រឹន ថាញ់យ៉ាង/VNP
ក្រុមការងារត្រួតពិនិត្យអន្តរស្ថាប័នលេខ២ ចុះពិនិត្យ និងធ្វើការ នៅសាសាមេតេយ្យ វ៉ាន់ប៊ិញ (Van Binh)ក្នុងឃុំ ធឿងទិន(Thuong Tin)។ រូបថត៖ ត្រឹន ថាញ់យ៉ាង/VNP
ក្រុមការងារត្រួតពិនិត្យអន្តរស្ថាប័នលេខ ២ បានផ្តោតលើការត្រួតពិនិត្យនូវការដឹកនាំ និងការវាយតម្លៃ ការជ្រើសរើស ការចាត់តាំង ការចុះកិច្ចសន្យា និងការអនុវត្តកិច្ចសន្យា។ លើសពីនេះ ក្រុមការងារនេះក៏បានត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំ ចំពោះអង្គភាពផ្គត់ផ្គង់ម្ហូបអាហារ (រួមទាំងទឹកពិសា ទឹកដោះគោ និងផលិតផលផ្សេងៗទៀត) គ្រឿងផ្សំ ម្ហូបអាហារចម្អិនរួចជាស្រេច និងសេវាកម្មចម្អិនអាហារ សម្រាប់បម្រើអាហារថ្ងៃត្រង់។
ក្រុមការងារត្រួតពិនិត្យអន្តរស្ថាប័នលេខ ២ ជួបពិភាក្សាការងារនៅទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនឃុំ ធឿងទិន (Thuong Tin) ។ រូបថត៖ ត្រឹន ថាញ់យ៉ាង/ VNP
ចំពោះក្រុមការងារត្រួតពិនិត្យអន្តរស្ថាប័នលេខ ២ ការចុះត្រួតពិនិត្យ ត្រូវបានអនុវត្តស្របតាមមុខងារ ភារកិច្ច និងសមត្ថកិច្ចរបស់មន្ទីរ និងស្ថាប័ននានាដែលចូលរួម។ ចំពោះករណីដែលរកឃើញថា មានការបំពាន នឹងត្រូវកត់ត្រាក្នុងកំណត់ហេតុ និងត្រូវចាត់វិធានការដោះស្រាយតាមសមត្ថកិច្ច ឬស្នើឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមបទប្បញ្ញត្តិច្បាប់។ផ្អែកលើការបូកសរុបលទ្ធផលនៃការត្រួតពិនិត្យ ក្រុមការងារនេះ នឹងរាយការណ៍ជូនគណៈកម្មាធិការប្រជាជនទីក្រុង និងគណៈកម្មាធិការដឹកនាំការងារសុវត្ថិភាពម្ហូបអាហារទីក្រុងហាណូយ ព្រមទាំងស្នើដំណោះស្រាយចាំបាច់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំអាហារថ្ងៃត្រង់។ តាមរយៈនេះ ទីក្រុងហាណូយ មានគោលបំណងធ្វើឱ្យដំណើរការគ្រប់គ្រងមានលក្ខណៈស្តង់ដារជាបណ្តើរៗ ពង្រឹងការត្រួតពិនិត្យប្រភពផ្គត់ផ្គង់ម្ហូបអាហារឱ្យបានតឹងរ៉ឹង ដើម្បីរួមចំណែកធានាថា សិស្សានុសិស្សទទួលបានអាហារ ដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភគ្រប់គ្រាន់ ដើម្បីការពារសុខភាព និងការលូតលាស់របស់សិស្សានុសិស្សនៅទីក្រុងហាណូយ៕
អត្ថបទ៖ ត្រឹន ថាញ់យ៉ាង / VNP