វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ទើបបានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្ទាប់ពីការចរចាអស់រយៈពេលជាង ១៤ ឆ្នាំ។ នេះមិនត្រឹមតែជាកិច្ចព្រមព្រៀង FTA មួយផ្សេងទៀតនៅក្នុងបណ្តាញធ្វើសមាហរណកម្មរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកិច្ចព្រមព្រៀងមួយដែលកើតឡើងចំពេលដែលសេដ្ឋកិច្ចកំពុងស្វែងរកកត្តាជំរុញកំណើនថ្មី ដើម្បីជួយសម្រេចបានគោលដៅកំណើនពីរខ្ទង់របស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ។
ទោះបីជាមានប្រជាជនត្រឹមតែប្រហែល ១៥ លាននាក់ក៏ដោយ EFTA ដែលរួមមានប្រទេសស្វីស ន័រវែស អ៊ីស្លង់ និងលីចថេនស្តាញ សុទ្ធតែជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមជ្យមសម្រាប់មនុស្សម្នាក់ៗខ្ពស់បំផុតនៅលើពិភពលោក ដោយមានឧស្សាហកម្មទំនើប បច្ចេកវិទ្យាជឿនលឿន និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កំពុងអភិវឌ្ឍន៍។ ដូច្នេះ តម្លៃនៃកិច្ចព្រមព្រៀងស្ថិតនៅក្នុងគុណភាពនៃសេដ្ឋកិច្ច។ កិច្ចព្រមព្រៀងនេះ មិនត្រឹមតែបង្កើតឱកាសនាំចេញកាន់តែច្រើនសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបើកចេញលទ្ធភាពចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកលដែលមានបច្ចេកវិទ្យាខ្ពស់។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា នឹងទាក់ទាញដើមទុនវិនិយោគដែលមានគុណភាពខ្ពស់ពីប្រទេស EFTA ចូលទៅក្នុងវិស័យអាទិភាពរបស់វៀតណាម ដូចជា៖ បច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មកែច្នៃ ថាមពលស្អាត ការផ្លាស់ប្តូរបៃតង នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស។ នេះមិនត្រឹមតែជាប្រភពដើមទុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីទទួលបានបច្ចេកវិទ្យាទំនើប បទពិសោធន៍គ្រប់គ្រង និងគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាពទៀតផង»។
ពីទស្សនៈសេដ្ឋកិច្ច តម្លៃដ៏ធំបំផុតនៃកិច្ចព្រមព្រៀងនេះ គឺការបង្កើតកម្លាំងជំរុញកំណើនថ្មីសម្រាប់សេដ្ឋកិច្ចវៀតណាម។ នៅក្នុងដំណាក់កាលឆ្ពោះទៅរកគោលដៅកំណើនពីរខ្ទង់ វៀតណាមត្រូវការដើមទុនវិនិយោគដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងគំរូគ្រប់គ្រងទំនើប ដើម្បីបង្កើនផលិតភាពការងារ និងសមត្ថភាពប្រកួតប្រជែង។ នេះក៏ជាចំណុចខ្លាំងរបស់បណ្តាប្រទេស EFTA ផងដែរ។ ដូច្នេះ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងជំរុញការវិនិយោគនៅក្នុងវិស័យអាទិភាពរបស់វៀតណាម។
សំខាន់ជាងនេះទៅទៀត ស្តង់ដារតឹងរ៉ឹងរបស់ EFTA បានបង្កើតកម្លាំងចលករ សម្រាប់សហគ្រាសវៀតណាមក្នុងការកែលម្អគុណភាពផលិតផល កែលម្អអភិបាលកិច្ច និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Julien Guerrie បានធ្វើអត្ថាធិប្បាយថា៖ «វៀតណាមកំពុងបើកទ្វារសម្រាប់សកម្មភាពអាជីវកម្ម ហើយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ល្បឿនមិនមែនពេលណាមានគុណភាពខ្ពស់នោះទេ។ ប្រសិនបើអ្នកអាចនាំចេញទៅអឺរ៉ុប អ្នកអាចនាំចេញទៅគ្រប់ទីកន្លែងនៅលើពិភពលោក ពីព្រោះយើងមានស្តង់ដារតឹងរ៉ឹងបំផុត»។
ផ្ទុយទៅវិញ EFTA ក៏មើលឃើញឱកាសជាច្រើននៅវៀតណាមផងដែរ។ ជាមួយនឹងបរិយាកាសនយោបាយដែលមានស្ថិរភាព អត្រាកំណើនខ្ពស់ និងតួនាទីដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ វៀតណាមកំពុងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អាជីវកម្មអឺរ៉ុប។ ដូចដែលបានចែករំលែកដោយសមាជិកសភា EFTA បន្ទាប់ពីការចរចាលើកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់៖
«ខ្ញុំគិតថា មានវិស័យជាច្រើនដែលយើងអាចសហការគ្នាបាន។ ក្រុមហ៊ុនដែលមានជំនាញ និងគន្លឹះសម្ងាត់ពីអឺរ៉ុបនឹងជួយវៀតណាមអភិវឌ្ឍក្នុងវិស័យថាមពលកកើតឡើងវិញ ឬបច្ចេកវិទ្យាថាមពលខ្យល់នៅឯនាយសមុទ្រ។ ឬនៅក្នុងវិស័យនេសាទ និងកសិកម្ម សហគ្រាសអឺរ៉ុបជាច្រើនមានវត្តមាននៅវៀតណាមរួចហើយ ហើយយើងអាចពង្រីកទំនាក់ទំនងនោះ»។
«វៀតណាមពិតជាប្រទេសដ៏អស្ចារ្យណាស់។ វៀតណាមបានអភិវឌ្ឍឧស្សាហកម្មគួរឱ្យចាប់អារម្មណ៍ជាច្រើននាពេលថ្មីៗនេះ។ ដូច្នេះ សម្រាប់ប្រទេសស្វីស យើងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស័យឱសថ និងបច្ចេកវិទ្យា ហើយមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម»។
ក្រៅពីការចូលទៅកាន់ទីផ្សារដែលមានប្រជាជនជិត ១១០ លាននាក់ សហគ្រាស EFTA ក៏អាចទាញយកអត្ថប្រយោជន៍ពីប្រទេសវៀតណាមជាច្រកទ្វារតភ្ជាប់ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ដែលវៀតណាមកំពុងចូលរួម។
ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងជាមួយ EFTA មិនត្រឹមតែបន្ថែមតំណភ្ជាប់ដ៏សំខាន់មួយទៅកាន់បណ្តាញ FTA របស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីជម្រើសដ៏ស៊ីសង្វាក់គ្នារបស់វៀតណាមក្នុងការធ្វើសមាហរណកម្មស៊ីជម្រៅសម្រាប់ការអភិវឌ្ឍទៀតផង។ នៅពេលដែលពាណិជ្ជកម្មសកលកំពុងត្រូវបានរៀបចំរូបរាងឡើងវិញដោយបច្ចេកវិទ្យា ការផ្លាស់ប្តូរបៃតង និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ កិច្ចព្រមព្រៀងនេះនឹងជួយវៀតណាមមិនត្រឹមតែពង្រីកទីផ្សាររបស់ខ្លួន និងទាក់ទាញប្រភពធនធានដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តួនាទីរបស់ខ្លួនជាបណ្ដើរៗ ពីកន្លែងផលិតកម្មទៅជាដៃគូដែលមានតម្លៃខ្ពស់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ នេះក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ៕
តាម vovworld.vn/km-KH