ក្នុងឱកាសដែលប្រធានាធិបតីបារាំងលោក Emmanuel Macron អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៥ -២៧ ឧសភា អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅបារាំងបានជួបសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបច្ចុប្បន្ន ត្រូវបានលើកកំពស់ទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang។ រូបថត៖ VOV
យោងតាមឯកអគ្គរដ្ឋទូត Dinh Toan Thang ការលើកកំពស់ទំនាក់ទំនងវៀតណាម - បារាំងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងខែតុលា ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រ ដោយកត់សម្គាល់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្រោយរយៈពេល ៥២ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១២ មេសា ១៩៧៣ - ១២ មេសា ២០២៥) និងរយៈ ១២ ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រ (២៥ កញ្ញា ២០១៣- ២៥ កញ្ញា ២០២៥)។ ការដំឡើងទំនាក់ទំនងនេះ បានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍយ៉ាងរឹងមាំ ស៊ីជម្រៅ និងមានប្រសិទ្ធភាព។
ចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីបារាំង ឯកអគ្គរដ្ឋទូត Dinh Toan Thang បានធ្វើអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះបង្ហាញពីសារៈសំខាន់និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បារាំងក្នុងការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វិស័យនិងគម្រោងជាក់លាក់ជាច្រើនកំពុងត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅដោយភាគីទាំងពីរ សំដៅជំរុញសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំនិងបណ្តុះបណ្តាល និងសុខាភិបាល។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នឹងបង្កើតសន្ទុះ និងជាមូលដ្ឋានគតិយុត្តិដ៏សំខាន់សម្រាប់សកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាប៉ុន្មានឆ្នាំខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម