អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (រូបថត៖VNA)
នៅក្នុងជំនួបពិភាក្សានេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអះអាងថា វៀតណាមមានបំណងពង្រីកលទ្ធផលនៃឆ្នាំ APEC ២០២៦ និងបានស្នើឱ្យប្រទេសចិនគាំទ្រវៀតណាមក្នុងការរៀបចំឆ្នាំ APEC ២០២៧ ឱ្យទទួលបានជោគជ័យ។
“វៀតណាមមានបំណងស្នងបន្ត និងពង្រីកលទ្ធផលទាំងឡាយនៃឆ្នាំ APEC ២០២៦ ហើយក៏សង្ឃឹមថា ប្រទេសចិននឹងគាំទ្រវៀតណាមក្នុងការរៀបចំឆ្នាំ APEC ២០២៧ ឱ្យទទួលបានជោគជ័យ ក្រោមប្រធានបទ៖ “រួមគ្នាកសាងយុគសម័យថ្មីប្រកបដោយភាពម្ចាស់ការលើខ្លួនឯង នវានុវត្តន៍ និងវិបុលភាពរួម” ជាមួយនឹងអាទិភាពចំនួនបីគឺ៖ ការលើកកម្ពស់ផលិតភាពនៃខឿនសេដ្ឋកិច្ច; ការជំរុញពាណិជ្ជកម្ម ការវិនិយោគក្នុងតំបន់; និងការលើកកម្ពស់ភាពម្ចាស់ការលើខ្លួនឯង ភាពស្វាហាប់នៃខឿនសេដ្ឋកិច្ច និងគុណភាពជីវភាពរស់នៅរបស់ប្រជាជន”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអះអាងថា ប្រទេសចិនគាំទ្រវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC ២០២៧ ឱ្យទទួលបានជោគ ជ័យ; ព្រមទាំងស្នើឱ្យភាគីទាំងពីរពង្រីកតួនាទីជាប្រទេសម្ចាស់ផ្ទះ APEC ឆ្នាំ ២០២៦ និង ២០២៧ ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ VNA)
“ភាគីចិនត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយភាគីវៀតណាម ក្នុងការបង្កើនការផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រង ការកសាងបក្ស ធានាឱ្យបុព្វហេតុសង្គមនិយម និងកិច្ចការកសាងប្រទេសជាតិនៃប្រទេសទាំងពីរ សម្រេចបានសមិទ្ធផលថ្មីៗ ដោយឥតឈប់ឈរ។ ចិននិងវៀតណាម គឺជាទាំងសមមិត្តផង និងជាបងប្អូនផង; កាន់តែជួបរលកធំខ្យល់បកខ្លាំង គឺកាន់តែត្រូវរួមទូកតែមួយដើម្បីឆ្លងកាត់រលកធំនោះ។ ចិនត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយវៀតណាម ក្នុងការពង្រឹងទំនុកចិត្ត សាមគ្គីភាព ពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ បន្តបំពេញតួនាទីជាប្រទេសម្ចាស់ផ្ទះ APEC ឱ្យបានល្អក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ជំរុញការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក សាមគ្គីបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង រួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងរួមគ្នាជំរុញការអភិវឌ្ឍ វិបុលភាព នៅក្នុងបរិបទដែលពិភពលោកកំពុងឆ្លងកាត់ការប្រែប្រួលដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍”។
ដោយអះអាងពីគោលនយោបាយអាទិភាពក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរបន្តលើកកម្ពស់ទំនុកចិត្តជាយុទ្ធសាស្ត្រ រួមគ្នាកំណត់កំពស់ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម តាមទិសដៅប្រកបដោយតុល្យភាព ចីរភាព និងការតភ្ជាប់កាន់តែស៊ីជម្រៅ; ស្នើឱ្យភាគីទាំងពីរផ្តល់អាទិភាពខ្ពស់ដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍យុទ្ធសាស្ត្រ ជាពិសេសការផ្តោតលើការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគម្រោងផ្លូវដែកតភ្ជាប់វៀត ណាម-ចិន; ជំរុញកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធថាមពលយុទ្ធសាស្ត្រ ជាពិសេសការតភ្ជាប់បណ្តាញអគ្គិសនី និងបន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរបង្កើនការសម្របសម្រួលពហុភាគី និងអនុវត្តការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ-ការទូត។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឯកភាពថា ភាគីទាំងពីរត្រូវបន្តជំរុញការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅកម្រិតជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់; បញ្ជាក់ពីការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការតភ្ជាប់រវាងវៀតណាម ជាមួយនឹងតំបន់ឈូងសមុទ្រធំ ក្វាងទុង-ហុងកុង-ម៉ាកាវ និងតំបន់ភាគនិរតីនៃប្រទេសចិន; យកចិត្តទុកដាក់លើការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ព្រមៗគ្នា ជាពិសេសផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវទឹក និងការតភ្ជាប់បណ្តាញអគ្គិសនី; លើកទឹកចិត្តការវិនិយោគ និងបង្កើតបរិយាកាសធុរកិច្ចអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងបញ្ហានៅលើសមុទ្រ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមកម្រិតខ្ពស់ ស្តីពីការគ្រប់គ្រង និងការដោះស្រាយឱ្យកាន់តែប្រសើរឡើងនូវការខ្វែងគំនិតគ្នា រួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក្នុងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕