នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski (រូបថត៖ Van Hieu/VOV)
ក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមាននិងការខិតខំប្រឹងប្រែង របស់លោកឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសគឺការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជូនពរលោកឯកអគ្គរដ្ឋទូតបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរត្រូវបន្តជំរុញការជឿទុកចិត្តផ្នែកនយោបាយនិងចែករំលែកទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានអះអាងថា ក្នុងអាណត្តិកន្លងមក ទំនាក់ទំនងអូស្ត្រាលី-វៀតណាមមានការវិវឌ្ឍន៍យ៉ាងសំខាន់លើវិស័យជាច្រើន សម្រេចបានលទ្ធផលវិជ្ជមាន; សម្តែងនូវក្តីសង្ឃឹមថា ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងមានការរីកចម្រើនខ្លាំងបើធៀបនឹង ៥០ ឆ្នាំកន្លង មក។ លោកឯកអគ្គរដ្ឋទូតបានសន្យាថា មិនថាលោកកាន់មុខតំណែងថ្មីអ្វីបន្ទាប់ពីលោកបញ្ចប់អាណត្តិ លោកនឹងតែងតែរក្សានូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើរចំពោះវៀតណាម និងខិតខំពូនជ្រុំទំនាក់ទំនងល្អរវាងវៀតណាមនិងអូស្ត្រាលី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម