ការប្រឡង “Viet Nam AI Innovation Challenge 2026” (VAIC) ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) និង Meta Group សម្របសម្រួលជាមួយអង្គភាពផ្សេងៗទៀត បានបញ្ចប់នៅទីក្រុងហាណូយបន្ទាប់ពីប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ (ថ្ងៃទី ១៧-១៩ ខែកក្កដា)។
ដំណោះស្រាយនវានុវត្តន៍ពីក្រុមចំនួនបីក្នុងចំណោមក្រុមចូលរួមវគ្គផ្តាច់ព្រ័ត្រទាំង
៣០០ក្រុម បានឈ្នះរង្វាន់កំពូល។ លោក Nguyen Khuong Duy នាយកផលិតផលនៃ FPT AI Factory និងជាសមាជិកគណៈវិនិច្ឆ័យបានឱ្យដឹងថា
ចំណុចគួរឱ្យកត់សម្គាល់នៃ VAIC ២០២៦ គឺវិធីសាស្រ្តយក AI
ទៅដោះស្រាយបញ្ហាជាក់ស្តែង។ សហគ្រាសបានផ្តល់តម្រូវការ ទិន្នន័យ
និងបញ្ហាប្រតិបត្តិការដោយផ្ទាល់
បង្កើតជាឱកាសសម្រាប់ក្រុមអភិវឌ្ឍន៍ក្នុងការបង្កើតគំរូ AI ដែលផ្សារភ្ជាប់នឹងតម្រូវការរបស់ទីផ្សារ។ នេះក៏ជាទិសដៅសមស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍
AI របស់វៀតណាម
ដោយផ្លាស់ប្តូរពីការស្រាវជ្រាវសុទ្ធសាធទៅជាការបង្កើតដំណោះស្រាយដែលបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
«យើងបានប្តេជ្ញានាំយកដំណោះស្រាយរបស់ក្រុមទាំងនោះ
មកកាន់ក្រុមហ៊ុនរបស់យើងដើម្បីសាកល្បង។ នេះជារឿងសំខាន់ណាស់
ពីព្រោះដំណោះស្រាយមិនអាចអនុវត្តបានទេប្រសិនបើគ្មានការសាកល្បងបែបនេះ។
ដំណោះស្រាយនិងកម្មវិធីភាគច្រើនត្រូវការកែតម្រូវបន្ថែមទៀត
ឱ្យសមស្របទៅនឹងយន្តការប្រតិបត្តិការរបស់អង្គការ ឬអង្គភាពជាក់ស្តែង»។
យោងតាមលោកស្រី ង្វៀន ធូថាវ នាយិកាគោលនយោបាយសាធារណៈរបស់ Meta ទទួលបន្ទុកទីផ្សារវៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា
ដែលជាអ្នករៀបចំកម្មវិធីបានចែករំលែកថា
កម្មវិធីនេះមានគោលបំណងស្វែងរកដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) សម្រាប់បញ្ហាជាក់ស្តែងដែលអាជីវកម្ម និងអង្គការនានាជួបប្រទះ
ដោយរួមចំណែកដល់ការជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការអភិវឌ្ឍ AI នៅវៀតណាម។
VAIC ២០២៦
គឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តនាំ AI ក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាមនាពេលអនាគត៕
តាម vovworld.vn/km-KH