• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

វៀតណាមទទួលតួនាទីជាប្រធាន APEC ឆ្នាំ ២០២៧៖ អះអាងពីឋានៈ លើកកម្ពស់ការទទួលខុសត្រូវ និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍

 នៅថ្ងៃទី ១៩ ខែវិច្ឆិកានេះ នៅក្នុងសប្តាហ៍កំពូល APEC លើកទី ៣៣ នៅទីក្រុងសិនជិន ប្រទេសចិន វៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះ APEC ឆ្នាំ ២០២៧ ជាផ្លូវការ។

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះឋានៈ កិត្យានុភាព និងសមត្ថភាពធ្វើសមាហរណកម្មរបស់វៀតណាម ព្រមទាំងបើកឱកាសឱ្យវៀតណាមបន្តរួមចំណែកក្នុងការកំណត់អនាគតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក តាមរយៈគំនិតផ្តួចផ្តើមជាក់ស្តែង និងលទ្ធផលសហប្រតិបត្តិការរយៈពេលវែង។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទទួលតួនាទីជាប្រធាន APEC ឆ្នាំ ២០២៧។ រូបថត៖ VNA

ពីសមាជិកសកម្ម ទៅជាម្ចាស់ការផ្តួចផ្តើមកសាងកិច្ចសហប្រតិបត្តិការក្នុងតំបន់

ជិតបីទសវត្សរ៍នៃការចូលរួមក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) វៀតណាមបានអះអាងកាន់តែច្បាស់ពីតួនាទីជាសមាជិកសកម្ម មានការទទួលខុសត្រូវ និងមានការរួមចំណែកជាក់ស្តែងជាច្រើន។ ការធ្វើជាម្ចាស់ផ្ទះចំនួនពីរលើកក្នុងឆ្នាំ ២០០៦ និងឆ្នាំ ២០១៧ បានរួមចំណែកលើកកម្ពស់មុខមាត់របស់វៀតណាមដែលមានភាពស្វាហាប់ ផ្លាស់ប្តូរថ្មី និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ។ ការបន្តទទួលតួនាទីជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៧ បង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះវៀតណាម។ លោកស្រី Tatyana Gorchakova បណ្ឌិតផ្នែកសេដ្ឋកិច្ច និងជានាយករងវិទ្យាស្ថានចិន និងអាស៊ីសហសម័យ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានវាយតម្លៃថា៖

“វៀតណាមគឺជាសមាជិកដ៏សំខាន់មួយរបស់ APEC ដែលមានការរួមចំណែកយ៉ាងសកម្មក្នុងការកសាងរបៀបវារៈរបស់វេទិកានេះ។ វៀតណាមបានធ្វើជាម្ចាស់ផ្ទះរៀបចំសកម្មភាព APEC ចំនួនពីរលើករួចមកហើយ នៅឆ្នាំ ២០០៦ និងឆ្នាំ ២០១៧ ជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើនដែលមានខ្លឹមសារជាក់ស្តែង និងមានអត្ថន័យ។ ក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលបរិយាកាសអន្តរជាតិកំពុងប្រឈមមុខនឹងហានិភ័យនយោបាយ និងសេដ្ឋកិច្ចជាច្រើន ជាមួយនឹងបទពិសោធន៍នយោបាយ និងសេដ្ឋកិច្ចដែលវៀតណាមបានសន្សំក្នុងដំណើរការដោះស្រាយបញ្ហាក្នុងតំបន់ ខ្ញុំយល់ថា APEC ឆ្នាំ ២០២៧ អាចក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ជាពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចដែលមានកម្រិតអភិវឌ្ឍន៍មិនស្មើគ្នា”។

គ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម APEC ឆ្នាំ២០២៦ នៅទីក្រុង Shenzhen កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ រូបថត៖ VNA

ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន វៀតណាមមានបំណងពង្រីកតួនាទីជាស្ពានតភ្ជាប់ ជំរុញការសន្ទនា ពង្រឹងទំនុកចិត្ត និងបង្កើនការឯកភាពគ្នារវាងខឿនសេដ្ឋកិច្ចជាសមាជិក។ ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអះអាងថា៖ “នៅចំពេលនេះ APEC កាន់តែមានអត្ថន័យជាយុទ្ធសាស្ត្រចំពោះអនាគតនៃការអភិវឌ្ឍរបស់អាស៊ី-ប៉ាស៊ីហ្វិក។ យើងខ្ញុំទទួលយកភារកិច្ចដ៏ធ្ងន់ធ្ងរជាម្ចាស់ផ្ទះ APEC ឆ្នាំ ២០២៧ ដោយក្តីមោទនភាពដ៏ធំធេង និងប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលបើកចំហ ស្វាហាប់ ធន់ និងសន្តិភាព។ វៀតណាមសង្ឃឹមថា APEC ឆ្នាំ ២០២៧ នឹងរួមចំណែកពង្រឹងទំនុកចិត្ត ពង្រីកកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ច និងនាំមកនូវលទ្ធផលជាក់ស្តែងជូនប្រជាជន និងធុរកិច្ច។ ខ្ញុំសង្ឃឹមថា APEC ឆ្នាំ ២០២៧ នឹងក្លាយជាការចាប់ផ្តើមសម្រាប់គម្រោង និងកម្មវិធីសហប្រតិបត្តិការដ៏ជោគជ័យ និងយូរអង្វែង”។

ប្រែក្លាយភារកិច្ចអន្តរជាតិទៅជាកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិ

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ វៀតណាមកំពុងពិគ្រោះយោបល់ ផ្លាស់ប្តូរយោបល់ និងរៀបចំទិសដៅសហប្រតិបត្តិការយ៉ាងម្ចាស់ការចាប់ពី APEC ឆ្នាំ ២០២៦ នេះតទៅ។ លោកស្រីបណ្ឌិត ង្វៀន ធ្វី អាញ (Nguyễn Thúy Anh) អតីតប្រធានគណៈកម្មាធិការអន្តរជាតិ នៃទស្សនាវដ្តីកុម្មុយនិស្ត បានឱ្យដឹងថា៖ “នៅឆ្នាំនេះ វៀតណាមចូលរួមក្នុង APEC ឆ្នាំ ២០២៦ មិនត្រឹមតែក្នុងនាមជាខឿនសេដ្ឋកិច្ចសមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងនាមជាម្ចាស់ផ្ទះនៃ APEC ឆ្នាំ ២០២៧ ផងដែរ។ ប្រការនេះនឹងជួយឱ្យយើងទាំងចូលរួម ទាំងសង្កេត ទាំងកត់ត្រា ទាំងដកស្រង់បទពិសោធន៍ និងទាំងពិគ្រោះយោបល់ជាមួយខឿនសេដ្ឋកិច្ចជាសមាជិក ដើម្បីធ្វើយ៉ាងណាឱ្យយើងអាចដាក់ចេញនូវរបៀបវារៈមួយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់តំបន់ ហើយជាពិសេសគឺមានចក្ខុវិស័យរយៈពេលវែង”។

ឡូហ្គោ APEC 2027

ផ្អែកលើមូលដ្ឋាននោះ វៀតណាមបានស្នើទិសដៅសហប្រតិបត្តិការចំនួនបីក្នុងឆ្នាំ APEC ២០២៧ រួមមាន៖ នវានុវត្តន៍ និងការបង្កើនផលិតភាព; បើកចំហ និងពង្រឹងការតភ្ជាប់; ភាពធន់ និងភាពស្វាហាប់។ វាយតម្លៃចំពោះទិសដៅទាំងនេះ លោកសាស្ត្រាចារ្យ Cheng Hanping នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវតំបន់ និងអន្តរជាតិ និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម នៃសាកលវិទ្យាល័យឧស្សាហកម្ម Zhejiang បានលើកឡើងថា៖ “លើកនេះ វៀតណាមបានស្នើទស្សនៈចំនួន ៣ រួមមាន តំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយនវានុវត្តន៍ និងផលិតភាព បើកចំហ និងតភ្ជាប់ ភាពធន់ និងភាពស្វាហាប់។ ទស្សនៈទាំង ៣ នេះ ខ្ញុំយល់ថា សមស្របបំផុតទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ ការយកពហុភាគីនិយមមកឆ្លើយតបនឹងឯកតោភាគីនិយម ក៏ជាការរួមចំណែករបស់វៀតណាមសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និង APEC ហើយការរួមចំណែកទាំងនេះនឹងត្រូវបានពង្រីកកាន់តែច្រើនថែមទៀតនាពេលអនាគត នៅពេលដែលវៀតណាមរៀបចំសកម្មភាពរបស់ APEC នៅឆ្នាំ ២០២៧”។

ចាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នៅថ្ងៃនេះ វៀតណាមឈានចូលដំណើរនៃការត្រៀមរៀបចំ APEC ឆ្នាំ ២០២៧ ដោយក្តីមោទនភាព និងការប្តេជ្ញាចិត្តខ្ពស់ ត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកកាន់តែច្រើនថែមទៀត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមរបស់តំបន់៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង

ក្នុងឱកាសអញ្ជើញចូលរួមសប្តាហ៍នៃកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ និងជួបធ្វើការរទ្វេភាគីនៅចិន នាថ្ងៃត្រង់ថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងសិនជិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (Xi Jinping)។

Top