នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សន្និសីទនៃប្រទេសសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) លើកទី៣៥ (SPLOS ៣៥) បានបើកជាផ្លូវការ ដោយមានការចូលរួមពីប្រទេសសមាជិកចំនួន ១៧០ ជាមួយបណ្តាប្រទេសសង្កេតការណ៍ ប្រធានស្ថាប័នដែលបង្កើតឡើងក្រោមអនុសញ្ញា និងអង្គការអន្តរជាតិពាក់ព័ន្ធ។ នៅក្នុងសម័យបើក អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសលោក Nguyen Minh Vu ប្រធានគណៈប្រតិភូវៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន SPLOS ៣៥។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសលោក Nguyen Minh Vu ដឹកនាំសន្និសីទ។ រូបថត៖ Thanh Tuan/TTXVN
យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានឲ្យដឹងថា ការដែលវៀតណាមទទួលតំណែងជាប្រធានសន្និសីទប្រចាំឆ្នាំដ៏សំខាន់បំផុតអំពីការអនុវត្ត UNCLOS គឺមានសារៈសំខាន់ណាស់ ដោយឆ្លុះបញ្ជាំងពីទំនុកចិត្តខ្ពស់របស់បណ្តាប្រទេស លើសមត្ថភាពគ្រប់គ្រងរបស់វៀតណាមក្នុងដំណើរការនិងយន្តការពហុភាគីក្នុងក្របខណ្ឌអ.ស.ប ព្រមទាំងបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះតួនាទីនិងការរួមវិភាគទានរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអនុវត្តអនុសញ្ញានិងអភិបាលកិច្ចមហាសមុទ្រពិភពលោក។
ថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត និងចាប់ផ្តើមដឹកនាំសន្និសីទ អនុរដ្ឋមន្ត្រី លោក Nguyen Minh Vu បានសង្កត់ធ្ងន់លើវឌ្ឍនភាពជាវិជ្ជមានក្នុងការអនុវត្ត UNCLOS និងអភិបាលកិច្ចមហាសមុទ្រពិភពលោកនាពេលថ្មីៗនេះ ជាពិសេសជោគជ័យនៃសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិលើកទី៣ (UNOC ៣) នៅទីក្រុង Nice (បារាំង) នាដើមខែនេះ និងការខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃជីវៈចម្រុះ នៅតំបន់សមុទ្រខាងក្រៅតំបន់យុត្តាធិការជាតិ (BBNJ) ឲ្យចូលជាធរមានក្នុងពេលឆាប់ៗ; អំពាវនាវឱ្យប្រទេសនានាប្រកាន់ខ្ជាប់នូវពហុភាគីនិយម ចូលរួមក្នុងការពិភាក្សាដោយស្មារតីសហប្រតិបត្តិការនិងស្ថាបនា ហើយម្ចាស់ការស្នើវិធានការជំរុញការអនុវត្ត UNCLOS ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម