នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ដើម្បីពិភាក្សាអំពីដំណោះស្រាយឆ្លើយតបរបស់វៀតណាមក្នុងបរិបទនៃស្ថានភាពពិភពលោកមានការប្រែប្រួលជាច្រើនដូចបច្ចុប្បន្ន។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ VOV
នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអះអាងថា ទោះបីជាស្ថានភាពលំបាកយ៉ាងណាក៏ដោយ នេះក៏ជាឱកាសនិងជាគុណសម្បត្តិសម្រាប់វៀតណាមបន្តរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតាមទិសដៅបៃតង ឆាប់រហ័ស និងនិរន្តរភាព; ជំរុញការកែសម្រួលរចនាសម្ព័ន្ធទីផ្សារ និងផលិតផលឡើងវិញ ធានាភាពចម្រុះនៃទីផ្សារនិងខ្សែសង្វាក់ផ្គត់ផ្គង់។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “បង្កើនទាំងការផ្គត់ផ្គង់និងតម្រូវការ ដើម្បីជំរុញសេដ្ឋកិច្ច។ បន្តអនុវត្តគោលនយោបាយសារពើពន្ធដូចជា៖ ការលើកលែងនិងពន្យាពេលបងពន្ធ ថ្លៃអាករ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងសហគ្រាស; បន្តបង្កើនប្រាក់ចំណូល កាត់បន្ថយការចំណាយ លើកកម្ពស់ការសន្សំសំចៃ; ជំរុញការបើកចំណាយទុនវិនិយោគសាធារណៈ យកការវិនិយោគសាធារណៈជាកម្លាំងជំរុញសម្រាប់ការវិនិយោគឯកជន ជាពិសេសផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ; កាត់បន្ថយការចំណាយមិនចាំបាច់ ធានាប្រសិទ្ធភាពនៃការចំណាយ; ពង្រឹងការគ្រប់គ្រងតម្លៃ និងទីផ្សារ”។
ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុ នាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់គ្រងអត្រាប្តូរប្រាក់យ៉ាងតឹងរ៉ឹងនិងបត់បែន; យកចិត្តទុកដាក់លើអត្រាការប្រាក់ ដើម្បីធានាលទ្ធភាពទទួលបានដើមទុនកាន់តែអំណោយផល; ពង្រីកឥណទានដោយមានការគ្រប់គ្រង ផ្តល់អាទិភាពលើការកែច្នៃស៊ីជម្រៅ ផលិតកម្មកសិកម្ម និងការនាំចេញ ជាពិសេសផ្តល់អនុគ្រោះឥណទានសម្រាប់កសិករ។ សម្របសម្រួលគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ; គោលនយោបាយរូបិយវត្ថុគាំទ្រគោលនយោបាយសារពើពន្ធនិងផ្ទុយមកវិញ៖ “បន្តស្រាវជ្រាវ និងធ្វើពិពិធកម្មទីផ្សារ ខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតផល ដើម្បីពង្រីកទីផ្សារ ពង្រីកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី (FTA); ទាញយកអត្ថប្រយោជន៍ទាំងអស់នៃ FTA ដែលបានចុះហត្ថលេខា។ ជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ឡូជីស្ទិក កំណែទម្រង់ការនាំចូល-នាំចេញ គាំទ្រសហគ្រាសកាត់បន្ថយថ្លៃដើម និងថ្លៃអនុលោមភាព; តស៊ូ និងប្រកាន់ខ្ជាប់នូវគោលដៅក្នុងការចរចារពន្ធជាមួយសហរដ្ឋអាមេរិក។ អភិវឌ្ឍទីផ្សារក្នុងស្រុក ជាពិសេសការប្រើប្រាស់ក្នុងស្រុក រួមចំណែកគាំទ្រការដោះស្រាយស្ថានភាពរំខានទីផ្សារ; ជំរុញខ្លាំងពាណិជ្ជកម្មអេឡិចត្រូនិក ការប្រមូលពន្ធតាមអេឡិចត្រូនិក ជំរុញចលនា ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម