ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី ២៤ ខែមីនា (ម៉ោងក្នុងមូលដ្ឋាន) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងវេទិកាធុរកិច្ចវៀតណាម-រុស្ស៊ី។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅវេទិកា។ (រូបថត៖ VOV)
ថ្លែងនៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី
ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍថាមពល
ជាពិសេសការអភិវឌ្ឍថាមពលនុយក្លេអ៊ែរជាប្រភពថាមពលស្អាតដែលមានចក្ខុវិស័យ ១០០ ឆ្នាំ។
លោកនាយករដ្ឋមន្រ្តីមានបំណងថា
សហព័ន្ធរុស្ស៊ីនឹងវិនិយោគលើប្រព័ន្ធអេកូឡូស៊ីថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម។
ទាក់ទងនឹងវិស័យប្រេងឧស្ម័ន ភាគីទាំងពីរចាំបាច់ត្រូវជំរុញខ្លាំងនូវការរុករក
ការធ្វើអាជីវកម្ម និងការកែច្នៃ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋាភិបាលរុស្ស៊ីយកចិត្តទុកដាក់លើការបណ្តាក់ទុនរួមគ្នាដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មផ្លូវដែក
ព្រមទាំងបញ្ជាក់ថា វៀតណាមកំពុងត្រៀមរៀបចំលក្ខខណ្ឌល្អបំផុតសម្រាប់សហព័ន្ធរុស្ស៊ីមកសាងសង់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈសំខាន់ៗនៅក្នុងប្រទេសវៀតណាម
ដូចជា៖ ថាមពលនុយក្លេអ៊ែរ ប្រេង ឧស្ម័ន កង់ទិច
និងមុខវិជ្ជាជាមូលដ្ឋាននានានៃវិទ្យាសាស្ត្របច្ចេកវិទ្យា
និងវិទ្យាសាស្ត្រមនុស្សសាស្ត្រផងដែរ។
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យធនាគារស្វែងរកមធ្យោបាយល្អបំផុតដើម្បីគាំទ្រចំពោះសហគ្រាស
ដោយបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម រួមចំណែកដល់ការដោះដូរទំនិញ។
“ខ្ញុំសូមអំពាវនាវដល់សហគ្រាសនៃប្រទេសទាំងពីរឱ្យអនុវត្តន៍គម្រោង
និងផលិតផលជាក់លាក់។ ខ្ញុំមានបំណងថា តាមរយៈវេទិកាលើកនេះ បណ្ដាសហគ្រាសនឹងតភ្ជាប់គ្នា
ដោយមានទាំងសហគ្រាសឈានមុខគេ សហគ្រាសត្រួសត្រាយផ្លូវ
ដើម្បីសហការកាន់តែមានប្រសិទ្ធភាព… រួមចំណែកដល់ការនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មីដែលកាន់តែជាក់ស្តែង
មានប្រសិទ្ធភាព និងមានគុណភាពខ្ពស់”។
នៅក្នុងវេទិកានេះ
ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម-រុស្ស៊ី
និងសហគ្រាសមកពីប្រទេសទាំងពីរបានផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៤
ក្នុងវិស័យ៖ ប្រេង ឧស្ម័ន ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវដែក និងភស្តុភារកម្ម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម