ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-រុស្ស៊ី

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី ២៤ ខែមីនា (ម៉ោងក្នុងមូលដ្ឋាន) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងវេទិកាធុរកិច្ចវៀតណាម-រុស្ស៊ី។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅវេទិកា។ (រូបថត៖ VOV)

ថ្លែងនៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍថាមពល ជាពិសេសការអភិវឌ្ឍថាមពលនុយក្លេអ៊ែរជាប្រភពថាមពលស្អាតដែលមានចក្ខុវិស័យ ១០០ ឆ្នាំ។ លោកនាយករដ្ឋមន្រ្តីមានបំណងថា សហព័ន្ធរុស្ស៊ីនឹងវិនិយោគលើប្រព័ន្ធអេកូឡូស៊ីថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម។ ទាក់ទងនឹងវិស័យប្រេងឧស្ម័ន ភាគីទាំងពីរចាំបាច់ត្រូវជំរុញខ្លាំងនូវការរុករក ការធ្វើអាជីវកម្ម និងការកែច្នៃ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋាភិបាលរុស្ស៊ីយកចិត្តទុកដាក់លើការបណ្តាក់ទុនរួមគ្នាដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មផ្លូវដែក ព្រមទាំងបញ្ជាក់ថា វៀតណាមកំពុងត្រៀមរៀបចំលក្ខខណ្ឌល្អបំផុតសម្រាប់សហព័ន្ធរុស្ស៊ីមកសាងសង់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈសំខាន់ៗនៅក្នុងប្រទេសវៀតណាម ដូចជា៖ ថាមពលនុយក្លេអ៊ែរ ប្រេង ឧស្ម័ន កង់ទិច និងមុខវិជ្ជាជាមូលដ្ឋាននានានៃវិទ្យាសាស្ត្របច្ចេកវិទ្យា និងវិទ្យាសាស្ត្រមនុស្សសាស្ត្រផងដែរ។

លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យធនាគារស្វែងរកមធ្យោបាយល្អបំផុតដើម្បីគាំទ្រចំពោះសហគ្រាស ដោយបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម រួមចំណែកដល់ការដោះដូរទំនិញ។

“ខ្ញុំសូមអំពាវនាវដល់សហគ្រាសនៃប្រទេសទាំងពីរឱ្យអនុវត្តន៍គម្រោង និងផលិតផលជាក់លាក់។ ខ្ញុំមានបំណងថា តាមរយៈវេទិកាលើកនេះ បណ្ដាសហគ្រាសនឹងតភ្ជាប់គ្នា ដោយមានទាំងសហគ្រាសឈានមុខគេ សហគ្រាសត្រួសត្រាយផ្លូវ ដើម្បីសហការកាន់តែមានប្រសិទ្ធភាព… រួមចំណែកដល់ការនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មីដែលកាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងមានគុណភាពខ្ពស់”។

នៅក្នុងវេទិកានេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម-រុស្ស៊ី និងសហគ្រាសមកពីប្រទេសទាំងពីរបានផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៤ ក្នុងវិស័យ៖ ប្រេង ឧស្ម័ន ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវដែក និងភស្តុភារកម្ម៕


top