ភាគីអាមេរិកតំណាងដោយរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ចំណែកឯភាគីចិនតំណាងដោយឧបនាយករដ្ឋមន្ត្រី លោក He Lifeng។ និយាយអំពីកិច្ចប្រជុំនាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានឲ្យដឹងថា៖ “យើងនឹងជួបគ្នានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ភាគីទាំងពីរមានទស្សនវិស័យរួមគ្នា ដែលថា ស្ថានភាពបច្ចុប្បន្នមិនមាននិរន្តរភាពឡើយ។ អត្រាពន្ធ ១៤៥% និង ១២៥% គឺស្មើនឹងការដាក់ទណ្ឌកម្មអញ្ជឹង។ យើងមិនចង់បានការកាត់ផ្តាច់ទេ គ្រាន់តែចង់បានពាណិជ្ជកម្មដោយយុត្តិធម៌ប៉ុណ្ណោះ”។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng។ រូបថត៖ AFP
នេះជាលើកទីមួយហើយ ដែលមន្ត្រីជាន់ខ្ពស់អាមេរិក និងចិនបានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីភាពតានតឹងពាណិជ្ជកម្ម ដែលបានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែងក្នុងខែមករាឆ្នាំនេះ។ ប្រធានាធិបតី លោក Donald Trump បានដាក់ពន្ធរហូតដល់ ១៤៥% លើទំនិញរបស់ចិន ហើយចិនបានសងសឹកជាមួយនឹងពន្ធ ១២៥% លើទំនិញអាមេរិក និងវិធានការផ្សេងៗទៀត៕