• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ផ្សារសត្វល្អិត Na Si ដ៏ពិសេស

នៅលើផ្លូវជាតិលេខ ៦ ក្នុងដំណើររុករកភាគពាយ័ព្យនៃប្រទេស វៀតណាម ភ្ញៀវទេសចរនឹងធ្វើដំណើរឆ្លងកាត់ផ្សារណាស៊ី (Nà Si) នៅក្នុងឃុំ ហាតឡុត ខេត្តស៊ើនឡា។
ផ្សារ ណាស៊ី បើកតែនៅពេលរសៀលជារៀងរាល់ថ្ងៃ។ (រូបថត៖ VOV-ភាគពាយ័ព្យ)
ផ្សារ ណាស៊ី បើកតែនៅពេលរសៀលជារៀងរាល់ថ្ងៃ។ (រូបថត៖ VOV-ភាគពាយ័ព្យ)

នេះគឺជាទីបង្អង់ដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលនិងទាក់ទាញ ពីព្រោះ ណាស៊ី មិនមែនជាផ្សារលក់ម្ហូបអាហារ ឬផលិតផលធម្មតានោះទេ។ ទីនេះមានភាពល្បីល្បាញដោយសារផលិតផលពីសត្វល្អិតដ៏ពិសេស ដែលជនរួមជាតិជនជាតិ ថៃ ដាក់លក់ដោយផ្ទាល់។ ទាំងអស់នេះបង្កើតជាផ្សារម្ហូបអាហារដ៏ខុសប្លែក ប៉ុន្តែគួរឲ្យទាក់ទាញសម្រាប់ទាំងអ្នកស្រុក និងអ្នកទេសចរមកពីគ្រប់ទិសទី។

សត្វល្អិតជាច្រើនប្រភេទត្រូវបានលក់នៅផ្សារណាស៊ី។ (រូបថត៖ VOV-ភាគពាយ័ព្យ)

ណាស៊ី ដែលជាផ្សារតូចមួយនៅតាមដងផ្លូវ - មិនគ្រាន់តែជាកន្លែងសម្រាប់ជួញដូរទំនិញ និងម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជា "សារមន្ទីររស់" នៃម្ហូបអាហារព្រៃភ្នំ ហើយមានភាពល្បីល្បាញដោយផលិតផល ដែលមិនមែនមនុស្សគ្រប់គ្នាហ៊ានសាកល្បងឡើយ នោះគឺ សត្វល្អិត។ ដើម្បីទទួលបានផលិតផលចម្រុះទាំងនេះ ប្រជាជនត្រូវចូលទៅក្នុងព្រៃ និងវាលស្រែចាប់ពីព្រឹកព្រលឹម ឬពេលល្ងាច ជាពេលវេលាដែលសត្វល្អិតមានច្រើនបំផុត។ ការដើរប្រមូលសត្វល្អិត មិនត្រឹមតែត្រូវការបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការអត់ធ្មត់ និងការយល់ដឹងអំពីទម្លាប់នៃប្រភេទសត្វល្អិតនីមួយៗទៀតផង។

ផ្សារ ណាស៊ី ជាទីបង្អង់ដំណើរគួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ ជាមួយនឹងផលិតផលប្លែកៗជាច្រើនដែលបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន។ (រូបថត៖ VOV- ភាគពាយ័ព្យ)

សម្រាប់មនុស្សជាច្រើន សត្វល្អិតអាចជារបស់របរដែល "ពិបាកលេប" ប៉ុន្តែនៅទីនេះ ពួកវាជាអាហារដ៏មានតម្លៃ។ សត្វល្អិតរាប់សិបប្រភេទផ្សេងៗគ្នា ដែលប្រភេទនីមួយៗមានរសជាតិផ្ទាល់ខ្លួន ត្រូវបានអ្នកស្រុកកែច្នៃទៅជាមុខម្ហូបគួរឲ្យទាក់ទាញ។ ប្រភេទខ្លះអាចមានតម្លៃខ្ពស់រហូតដល់ ១២-១៦ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ លោកស្រី ឡ ធីប៊ុន អ្នកលក់ដូរនៅផ្សារណាស៊ី បាននិយាយថា៖

“សត្វរៃមានលក់នៅខែឧសភា ខែមិថុនា និងខែកក្កដា។ សត្វរៃពណ៌ខ្មៅនេះមានសាច់ច្រើនជាង និងធំជាងសត្វរៃស ដោយលក់ក្នុងតម្លៃ ១២ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម ។ កូនរៃលីងជាមួយទឹកទំពាងឬស្សីជូរគឺឆ្ងាញ់បំផុត ដោយដាក់បន្ថែមខ្លាញ់បន្តិចឲ្យវាកាន់ តែស្រួយ។ នៅផ្សារណាស៊ីនេះ អ្នកអាចរកឃើញសត្វល្អិតគ្រប់ប្រភេទ អាស្រ័យលើរដូវកាល។ នេះគឺជាផ្សារសត្វល្អិតដ៏ធំ និងល្បីល្បាញបំផុតដែលមនុស្សគ្រប់គ្នាសុទ្ធតែស្គាល់នៅពេលធ្វើដំណើរឆ្លងកាត់”។

អ្នកស្រី ឡ ធីទឿយ ដែលជាអ្នកលក់ដូរយូរមកហើយនៅផ្សារណាស៊ី បានចែករំលែកថា អ្នកទិញសត្វល្អិតនៅទីនេះ ភាគច្រើនជាអ្នកស្រុក និងអ្នកទេសចរ។ មនុស្សជាច្រើន នៅ ពេលឆ្លងកាត់ផ្សារ បានបង្អង់ដំណើរដើម្បីសាកល្បង។ ដូច្នេះ មុខទំនិញដូចជា កូនរៃ និងស្រឹង លក់ដាច់ខ្លាំងណាស់ ជួនកាលលក់បានជិត ១០ គីឡូក្រាមក្នុងមួយថ្ងៃ ដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសាររបស់នាង ជាពិសេសក្នុងអំឡុងពេលទំនេរពីការងារស្រែចម្ការ។

“ជាមធ្យម ខ្ញុំលក់ស្រឹងបាន ២០ ដល់ ៣០ គីឡូក្រាមក្នុងមួយថ្ងៃ។ ប្រសិនបើមានច្រើនជាងនេះទៅទៀត ខ្ញុំក៏អាចលក់អស់។ កូនស្រឹង បែបនេះមានតម្លៃ ពី ២ ដល់ ២,៥ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។ សត្វរៃ មានតម្លៃ ១,២ ដល់ ១,៦ ដុល្លារអាមេរិក ក្នុង១០០ ក្រាម។ បន្ទាប់ពីរដូវសត្វរៃនិងសត្វស្រឹង គឺមកដល់រដូវសត្វចង្រិតនិងខ្យង ដូច្នេះខ្ញុំទៅផ្សារជារៀងរាល់ថ្ងៃ។ ប្រាក់ចំណូលប្រចាំខែ គឺប្រហែលពី ១២០ ដល់ ២៤០ ដុល្លារអាមេរិក”។

ផ្សារណាស៊ី – ផ្សារដ៏ពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ ថៃ ដែលល្បីល្បាញដោយសារទំនិញកសិផលប្រចាំមូលដ្ឋាន។ (រូបថត៖ VOV-ភាគពាយ័ព្យ)

មិនត្រឹមតែជាកន្លែងជួញដូរប៉ុណ្ណោះទេ ផ្សារ ណាស៊ី ក៏ជាកន្លែងឈប់សម្រាកដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកទេសចរផងដែរ។ មនុស្សជាច្រើនមកទីនេះ មិនត្រឹមតែដើម្បីទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីទទួលបទពិសោធន៍ និងស្វែងយល់ពីវប្បធម៌ម្ហូបអាហារដ៏ពិសេស នៃតំបន់ខ្ពង់រាបទៀតផង។ អ្នកខ្លះស្ទាក់ស្ទើរឈរមើល ខណៈពេលដែលអ្នកខ្លះទៀត ហ៊ានសាកល្បងភ្លក់ម្ហូប ហើយភ្ញាក់ផ្អើលជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងស្រួយៗនៃមុខម្ហូប ដែលហាក់ដូចជា "ពិបាកលេប" នេះ។ អ្នកស្រី ឡេ ធីស៊្វៀន មកពីឃុំ ទួនយ៉ាវ ខេត្តឌៀនបៀន បានចែករំលែកថា៖

“រាល់ពេលដែលយើងមានឱកាសឆ្លងកាត់ទីនេះ យើងតែងតែឈប់នៅផ្សារ។ មានម្ហូបជាច្រើននៅទីនេះដែលគ្រួសារខ្ញុំចូលចិត្ត ជាពិសេសម្ហូបដែលធ្វើពីសត្វល្អិត ដូចជាដង្កូវឃ្មុំ រៃ កណ្តូប... ហើយក៏មានប្រភេទបន្លែជាច្រើន ដែលត្រឹមតែបងប្អូនជនជាតិ ថៃ ទើបមាន។ ហើយអ្នកលក់នៅទីនេះគឺស្លូតបូត្រនិងរួសរាយរាក់ទាក់ណាស់។ ខ្ញុំពិតជាចូលចិត្តលក្ខណៈពិសេសដោយឡែកនៃផ្សារនេះ”។

ផ្សារ ណាស៊ី មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ជាខ្សែផ្លូវដ៏សំខាន់ ដែលតភ្ជាប់ខេត្តនានានៅភាគពាយ័ព្យនៃប្រទេសវៀតណាម ដូច្នេះហើយ មានមនុស្សមួយចំនួនធំឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ក្នុងលំហូរជីវភាពសម័យទំនើប ផ្សារនេះនៅតែរក្សាបាននូវភាពសាមញ្ញតែមួយគត់របស់វា។ ទីនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិជនជាតិ ថៃ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ ក្នុងការប្រើប្រាស់ធនធានធម្មជាតិទៀតផង។ សត្វល្អិតដ៏តូចល្អិត តាមរយៈបាតដៃដ៏ប៉ិនប្រសប់របស់អ្នកស្រុក ត្រូវបានប្រែក្លាយទៅជាម្ហូបពិសេសៗ ដែលនាំមកនូវតម្លៃសេដ្ឋកិច្ច និងរួមចំណែកធ្វើឲ្យអត្តសញ្ញាណម្ហូបអាហារប្រចាំតំបន់កាន់តែសម្បូរបែប។ ណាស៊ី - ជាទីបង្អង់ដំណើរមួយដោយគ្មានភាពអ៊ូអរ គ្មានភាពឆើតឆាយ ប៉ុន្តែគួរឱ្យចងចាំ សម្រាប់មនុស្សណាមួយដែលបានឆ្លងកាត់។ ហើយសម្រាប់អ្នកទេសចរក្នុងស្រុក និងអន្តរជាតិជាច្រើន គ្រាន់តែឈប់សម្រាកមួយពេល និងសាកភ្លក់រសជាតិម្ហូបមួយមុខប៉ុណ្ណោះ ពួកគេនឹងមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយទៀត នៅក្នុងដំណើររុករកតំបន់ខ្ពង់រាបភាគពាយ័ព្យវៀតណាម៕

តាម​ vovworld.vn/km-KH


Top