មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់របកគំហើញយុទ្ធសាស្ត្រជាច្រើន ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតភ្ជាប់ក្នុងតំបន់ ដែលបើកចេញឱកាសសម្រាប់វិស័យទេសចរណ៍ក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំង ពីការអភិវឌ្ឍយ៉ាងទូលំទូលាយទៅជាការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ដោយបង្កើនតម្លៃនិងនិរន្តរភាព។ ក្នុងនោះ តំបន់តីង្វៀន – ភាគកណ្តាលប៉ែកខាងត្បូង ជាពិសេសគឺខេត្តខាញ់ហ័រ ត្រូវបានរំពឹងថានឹងបន្តដើរតួនាទីឈានមុខគេ បង្កើតកម្លាំងចលកសម្រាប់តំបន់ទាំងមូល។
ដោយនាំយកក្រុមគ្រួសារពីឃុំ Buon Don ខេត្តដាក់ឡាក់ ទៅលេងទីក្រុង ញ៉ាត្រាង ខេត្តខាញ់ហ័រជាលើកដំបូង លោក Nie Y Trang បានរីករាយទទួលបទពិសោធន៍នៃរលកនិងខ្យល់សមុទ្រ ហើយបានពិសារអាហារសមុទ្រស្រស់ៗនៅទីនេះ។ លោក Niê Y Trang បានឲ្យដឹងថា៖ “យើងបានមកទីនេះ ទស្សនាទីក្រុងឆ្នេរសមុទ្រ Nha Trang និងទៅងូតទឹកនៅឆ្នេរសមុទ្រ Doc Let។ សមុទ្រនៅទីនេះពិតជាស្រស់ស្អាតណាស់ ហើយយើងក៏បានពិសារអាហារសមុទ្រជាច្រើនប្រភេទផងដែរ។ ប្រសិនបើផ្លូវល្បឿនលឿន Khanh Hoa–Ban Me Thuot បានបង្ហើយការសាងសង់ក្នុងពេលឆាប់ៗនេះ សកម្មភាពពាណិជ្ជកម្ម ក៏ដូចជាភ្ញៀវទេសចរនឹងកើនឡើងយ៉ាងខ្លាំង”។
ទីក្រុងញ៉ាត្រាង ខេត្តខាញហ័រ។ រូបថត៖ Thai Binh/VOV-តីង្វៀន
តំបន់ភាគកណ្តាលប៉ែកខាងត្បូង និងតំបន់តីង្វៀន មានផលិតផលវប្បធម៌ និងទេសចរណ៍ប្លែកៗជាច្រើន។ រូបថត៖ Thai Binh/VOV-តីង្វៀន
ក្នុងរយៈពេលដ៏ខ្លី ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍លើខ្សែផ្លូវតែមួយប៉ុន្តែមានគោលដៅជាច្រើន រួមទាំងឆ្នេរខ្សាច់ ព្រៃឈើ និងតំបន់វប្បធម៌។ រូបថត៖ Thai Binh/VOV-តីង្វៀន
ភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិភាគតិច។ រូបថត៖ Thai Binh/VOV-តីង្វៀន
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តខាញ់ហ័រ ។ រូបថត៖ Thai Binh/VOV-តីង្វៀន
ដោយយល់ច្បាស់ពីតម្រូវការរបស់ភ្ញៀវទេសចរ សហគ្រាសជាច្រើននៅ ខេត្តដាក់ឡាក់ និងខេត្តខាញ់ហ័រ កំពុងអភិវឌ្ឍផលិតផលទេសចរណ៍តភ្ជាប់តំបន់ ពង្រីកបរិយាកាសឆ្លងបទពិសោធន៍ ជំនួសឱ្យការធ្វើអាជីវកម្មតាមគោលដៅនីមួយៗ។ នេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសក្នុងការរៀបចំដំណើរកម្សាន្ត "ខ្សែផ្លូវតែមួយ - បទពិសោធន៍ជាច្រើន" ដោយផ្លាស់ប្តូរទេសចរណ៍ក្នុងតំបន់ពីការពង្រីកសក្តានុពល ទៅជាការអភិវឌ្ឍប្រកបដោយចីរភាពនិងស៊ីជម្រៅ។ លោក Nguyen Minh Tri មកពីក្រុមហ៊ុនទេសចរណ៍ Minh Tri ខេត្តដាក់ឡាក់ បានឲ្យដឹងថា សហគ្រាសទេសចរណ៍នៅខេត្តខាញ់ហ័រ និងខេត្តដាក់ឡាក់ កំពុងម្ចាស់ការបង្កើតផលិតផលទេសចរណ៍តភ្ជាប់តំបន់៖ “ខ្សែផ្លូវមួយនឹងមានគោលដៅកាន់តែច្រើន ដោយមានឆ្នេរខ្សាច់ ព្រៃឈើ វប្បធម៌ និងម្ហូបអាហារផង។ ខ្សែផ្លូវនេះនឹងតភ្ជាប់ខេត្តដាក់ឡាក់ និងខេត្តខាញ់ហ័រ ទៅជាផលិតផលទេសចរណ៍តែមួយ។ ក្នុងរយៈពេល ៣ ថ្ងៃ អ្នកទេសចរនឹងមកកាន់ខេត្តខាញ់ហ័រដើម្បីងូតទឹកសមុទ្រ ទៅទស្សនាប៉ែកខាងកើតនៃខេត្តដាក់ឡាក់ដើម្បីរុករកទឹកជ្រោះ Nghenh Phong ហើយបន្ទាប់មកទៅកាន់ខេត្តដាក់ឡាក់ ដើម្បីស្វែងយល់ពីវប្បធម៌ ព្រៃភ្នំ បឹង និងទឹកជ្រោះនៅទីនេះ”។
លោក Le Chi Cong ប្រធានដេប៉ាតឺម៉ង់ទេសចរណ៍ មហាវិទ្យាល័យ ញ៉ាត្រាង បានធ្វើអត្ថាធិប្បាយថា តំបន់តីង្វៀន - ភាគកណ្តាលប៉ែកខាងត្បូង គឺជាតំបន់អភិវឌ្ឍន៍ដ៏ពិសេស ដែលប្រមូលផ្តុំព្រៃឈើ សមុទ្រ ខ្ពង់រាប និងអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ។ ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គចម្បងនាពេលបច្ចុប្បន្ននេះ គឺជាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែល តភ្ជាប់ខេត្តខាញ់ហ័រនិងខេត្តដាក់ឡាក់ ដែលបណ្តាលឱ្យការធ្វើដំណើរយូរ និងរារាំងដល់ការអភិវឌ្ឍទេសចរណ៍តភ្ជាប់តំបន់។ លើសពីនេះ កង្វះខាតនៃធនធានមនុស្ស និងសមត្ថភាពអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក៏កំពុងរារាំងដល់ការអភិវឌ្ឃន៍ទេសចរណ៍ក្នុងតំបន់ផងដែរ។ លោក Le Chi Cong ជឿជាក់ថា របក់គំហើញជាយុទ្ធសាស្ត្រដែលមហាសន្និបាតលើកទី ១៤ របស់បក្សបានដាក់ចេញ គឺជា "ដំណោះស្រាយ" សម្រាប់កង្វះខាតទាំងនេះ៖ “របក់គំហើញក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នឹងបង្កើតលក្ខខណ្ឌសម្រាប់ការបង្កើតខ្សែផ្លូវ និងបរិយាកាសទេសចរណ៍អន្តរតំបន់ ដោយតភ្ជាប់ប្រកបដោយប្រសិទ្ធិភាពនូវតំបន់ខ្ពង់រាបនិងតំបន់ឆ្នេរសមុទ្រ បង្កើនរយៈពេលស្នាក់នៅ បង្កើនការចំណាយ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍។ ទីពីរ ការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់ក្នុងវិស័យទេសចរណ៍ ដែលផ្សារភ្ជាប់ទៅនឹងលក្ខណៈវប្បធម៌ និងអេកូឡូស៊ីប្រចាំតំបន់ នឹងរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម ជំរុញទេសចរណ៍សហគមន៍ និងបង្កើតមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាពសម្រាប់ប្រជាជនក្នុងតំបន់”។
ដោយមានគោលដៅស្វាគមន៍ភ្ញៀវទេសចរចំនួន ១៨,៨ លាននាក់នៅឆ្នាំ ២០២៦ ខេត្តខាញ់ហ័រ សង្ឃឹមថា ទេសចរណ៍នឹងក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ដែលរួមចំណែកយ៉ាងសំខាន់ដល់ដំណាក់កាលកំណើនរបស់ខេត្ត។ ជាពិសេស ពង្រីកតួនាទីនាំមុខគេនិងគាំទ្រយ៉ាងខ្លាំងរបស់ខេត្តខាញ់ហ័រ ចំពោះតំបន់ភាគកណ្តាលប៉ែកខាងត្បូង និងតំបន់តីង្វៀន។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តខាញ់ហ័រ លោក Nguyen Long Bien បានសង្កត់ធ្ងន់ថា៖ “យើងត្រូវការតភ្ជាប់ និងបង្កើតផលិតផលដែលមានអត្តសញ្ញាណវិសេសវិសាល។ យើងមានឱកាសជាច្រើន ជាមួយនឹងអត្តសញ្ញាណចម្រុះ និងតំបន់ភូមិសាស្ត្រអំណោយផលសម្រាប់ការអភិវឌ្ឍ។ នាពេលខាងមុខ យើងត្រូវផ្តោតសំខាន់លើកម្មវិធី និងព្រឹត្តិការណ៍ជាច្រើន បើកជើងហោះហើរ និងខ្សែផ្លូវថ្មីៗបន្ថែមទៀត។ រៀបចំកម្មវិធី និងព្រឹត្តិការណ៍ដែលមានទ្រង់ទ្រាយធំ ហើយការងារផ្សព្វផ្សាយ និងពន្លឿនទេសចរណ៍ក៏ត្រូវសមស្របផងដែរ”។
នៅក្នុងបរិបទថ្មី ការតភ្ជាប់តំបន់រវាងតំបន់តីង្វៀន-តំបន់ភាគកណ្តាលប៉ែកខាងត្បូង មិនត្រឹមតែជាដំណោះស្រាយនាពេលខាងមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិសដៅយុទ្ធសាស្ត្ររយៈពេលវែងទៀតផង។ នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគ សហគ្រាសផ្លាស់ប្តូរការត្រិះតិះ និងមូលដ្ឋានម្ចាស់ការបង្កើតបរិយាកាសអភិវឌ្ឍន៍នោះ ទេសចរណ៍នៅខេត្ត ខាញ់ហ័រ និងតំបន់ភាគកណ្តាលប៉ែកខាងត្បូងទាំងមូលអាច «ហោះឡើង» យ៉ាងពិតប្រាកដ ដោយរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចតំបន់និងប្រទេសជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម